ខ្លាចាស់ Diego Maradona ឱ្យដំបូន្មាន Mauricio Pochettino ទៅដឹកនាំក្លឹបធំបំផុតមួយនៅក្នុងលោក
វីរបុរសបាល់ទាត់អាហ្សង់ទីន ដែលត្រូវបានប្រិយមិត្តគ្រប់គ្នាដាក់រហស្សនាមឱ្យថាជាខ្លាចាស់សម្បូរល្បិច Diego Maradona បានឱ្យដំបូន្មានទៅកាន់សិស្សប្អូន Mauricio Pochettino ថាគួរតែទៅដឹកនាំក្លឹបធំបំផុតមួយនៅក្នុងលោកគឺ Boca Juniors។
ម្ចាស់ជើងឯកពានរង្វាន់ FIFA World Cup ឆ្នាំ១៩៨៦ បានបន្ថែមថា៖ “ឥឡូវនេះ Boca ត្រូវការអ្នកមានសមត្ថភាពខ្លាំង ព្រោះពួកគេកំពុងតែជួបវិបត្តិ ហើយអ្នកដែលសាកសមបំផុតនោះគឺ Mauricio”។
យ៉ាងណាក្តី បុរសជនជាតិអាហ្សង់ទីនធ្លាប់បាននិយាយប្រាប់ Fox Sport ថា៖ “ឥឡូវនេះមានក្លឹបជាច្រើនបានទាក់ទង និងបានបង្ហាញពីគម្រោងជាច្រើនមកកាន់រូបខ្លួន ប៉ុន្តែនៅពេលនេះខ្លួនចង់លម្ហែខួរក្បាលនៅស្រុកកំណើតជាមួយគ្រួសារបន្តិចសិនក្រោយពេលចែកផ្លូវជាមួយ Spurs។ សម្រាប់គម្រោងនៅអនាគតគឺលោកចង់បន្តការងារនៅអឺរ៉ុបជាបន្តទៀត ហើយការត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League គឺជាបំណងរបស់ខ្លួនតែម្តង។”
បុរសវ័យ៤៧ឆ្នាំបច្ចុប្បន្ននេះគឺជា អ្នកចាត់ការដែលមានភាគរយខ្ពស់បំផុតក្នុងការមកដឹកនាំនៅក្រុមកាំភ្លើងធំ Arsenal ដែលទើបតែបញ្ចប់តំណែងគ្រូបង្វឹក Unai Emery ហើយ Freddie Ljunberg កំពុងដឹកនាំបណ្តោះអាសន្ន ខណៈតំណែងនៅ Manchester United ក៏អាចជាកន្លែងឈរជើងរបស់ខ្លួនផងដែរ។
គួរឱ្យដឹងថា Boca Junior កំពុងតែជួបបញ្ហាដោយគ្មានគ្រូបង្វឹក ក្រោយពេលដែលលោក Gustavo Alfaro បានសម្រេចលាឈប់ពីតំណែង។ ដោយឡែកគ្រូបង្វឹក Mauricio Pochettino កំពុងតែទំនេរពីការងារ ក្រោយត្រូវ Tottenham Hotspur បញ្ចប់តំណែងកាលពីខែវិច្ឆិកា ខណៈលោក Jose Mourinho គឺជាអ្នកមកជំនួសតំណែង។