Man City ត្រៀមជះលុយ 300លានផោន សម្រាប់រដូវកាលថ្មី
Manchester City គ្រោងរៀបចំរចនាសម្ព័ន្ធក្រុមសម្រាប់រដូវកាល ២០២០/២០២១ បន្ទាប់ពីមានសេចក្តីសម្រេចរបស់ CAS នាពេលថ្មីៗនេះដែលបានដកបម្រាមរបស់ UEFA ដែលនឹងធ្វើឱ្យពួកគេមិនមានសកម្មភាពក្នុងក្របខ័ណ្ឌ Champions League សម្រាប់ពីររដូវកាល។
គួរបញ្ជាក់ដែរថា បន្ទាប់ពីក្លឹបបានលក់កីឡាករ Leroy Sane ទៅកាន់ក្លឹប Bayern Munich បានធ្វើឲ្យអ្នកចាត់ការក្លឹប Pep Guardiola ត្រៀមកញ្ចប់ទឹកប្រាក់យ៉ាងច្រើន 300លានផោន ស្មើរនិង330លានអឺរ៉ូ ដើម្បីរៀបចំរចនាសម្ព័ន្ធថ្មី ក៏ដូចជាកែប្រព័ន្ធលេងមួយចំនួនរបស់ក្លឹប ក្នុងនោះលោក Pep ត្រៀមទិញកីឡាករសំខាន់ៗចំនួន៤នាក់ នេះបើយោងតាមកាសែតរបស់ កាតាឡាន។
ក្នុងចំណោមកីឡាករ៤រូបនោះ ត្រូវបានគេវិភាគថា មានខ្សែការពារ Kalidou Koulibaly របស់ Napoli កីឡាករខ្សែការពារDiego Carlos របស់ Sevilla កីឡាករខ្សែបម្រើប្រយុទ្ធ Ferran Torres របស់ Valencia និងកីឡាករបម្រើប្រយុទ្ធ Kai Havertz របស់ Leverkusen៕