
ឃុន ឌីម៉ា៖ ខ្ញុំឡើងសង្វៀនវិញ ពេលរបួសជា នឹងអាចហាត់បាន១០០ភាគរយ

ឃុន ឌីម៉ា
បន្ទាប់ពីមានអ្នកគាំទ្រជាច្រើនចង់ឃើញការប្រកួតនិងសម្តែងការនឹករលឹកខ្លាំង ឃុន ឌីម៉ា បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនថាខ្ញុំពិតជាចង់ឡើងសង្វៀននិងនឹកដល់អ្នកគាំទ្រគុនខ្មែរយ៉ាងខ្លាំង បន្ទាប់ពីបានសម្រាកព្យាបាលរបួសជើងដែលបានវះកាត់ព្យាបាលរបួសសរសៃអស់រយៈពេល១ឆ្នាំមកហើយ ប៉ុន្តែស្ថានភាពនូវតែមិនអាចកំណត់ថ្ងៃវិលចូលសង្វៀនបាន ។
ម្ចាស់ខ្សែក្រវាត់៤គ្រឿង បានបញ្ជាក់ថា ខ្ញុំក៏ចង់ឡើងសង្វៀនវិញដែរ ប៉ុន្តែស្ថានភាពពេលនេះមិនអាចប្រកួតនោះទេ ពីព្រោះការហ្វឹកហាត់មិនទាន់បានពេញ១០០ភាគរយនោះឡើយ ដោយសារការរំខានពីរបួសជើងនៅតែបន្ត បើពេលវេលាណាមួយខ្ញុំអាចហាត់បានពេញ១០០ភាគរយ ខ្ញុំនឹងឡើងសង្វៀនវិញ ពីព្រោះពេលឃើញគេប្រកួតចិត្តរបស់ខ្ញុំនៅតែចង់ ហើយប្រសិនរបួសមិនទាន់ជា១០០ហើយហាត់មិនពេញខ្ញុំមិនឡើងប្រកួតនោះទេ ពីព្រោះខ្លាចចាញ់រឺប្រកួតមិនល្អនាំអោយអ្នកគាំទ្រគាត់ខកចិត្ត ព្រោះធ្លាប់ជាកីឡាករល្អម្នាក់ដែរ ។
របួសរបស់ម្ចាស់មេដាយមានស៊ីហ្គេមឆ្នាំ ២០១៧ បានធូរស្រាលច្រើនហើយ ប៉ុន្តែអ្វីដែលពិបាកនោះគឺមិនទាន់អាចហាត់បានពេញ១០០ភាគរយ ដោយបច្ចុប្បន្នរូបគេព្យាយាមហាត់បានខ្លះៗតាមស្ថានភាពដែលបានធូរស្រាលតែប៉ុណ្ណោះ ទើបមិនទាន់ដឹងច្បាស់ថាពេលណាអាចវិលមកសង្វៀនវិញបាន ។
សូមបញ្ជាក់ថា ឃីម ឌីម៉ា បានរងរបួសសរសៃជង្គង់ខាងស្តាំយ៉ាងធ្ងន់ធ្ងរដែលបានវះកាត់នៅប្រទេសថៃកាលពីខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ហើយការរងរបួសនេះធ្វើអោយគេត្រូវអវត្តមានក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលពីនឆ្នាំ២០១៩ និងបោះបង់ការប្រកួតដណ្តើមខ្សែក្រវាត់ ISI PALM នៅតាមស្ថានីយទូរទស្សន៍ PNN ផងដែរ ៕