អតីតអ្នកប្រដាល់ខ្មែរនៅអាមេរិកត្រៀមយកកូនកាត់ខ្មែរទៅប្រកួតនៅស៊ីហ្គេមនិងអូឡាំពិក
អតីតអ្នកប្រដាល់ខ្មែរលោក កេយ៉ា ប្រាជ្ញ ដែលជាគ្រូបង្វឹកគុនខ្មែរ, ល្បុក្កតោ និងគុនចម្រុះ MMA នៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋ កាលីហ្វញ៉ា សហរដ្ឋអាមេរិក ត្រៀមយកកីឡាករខ្មែរ កូនកាត់អាមេរិក រឺ កាណាដា ដែលមានសមត្ថភាពខ្ពស់ទៅប្រកួតនៅព្រឹត្តិការណ៍ស៊ីហ្គេម និង អូឡាំពិក តំណែងអោយខ្មែរ ។
អតីតអ្នកប្រដាល់គុនខ្មែរចេញពីខេត្តសៀមរាប បានប្រាប់ MSR ថា៖ ខ្ញុំហាត់ល្បុក្កតោនៅ សៀមរាបតាំងពីអាយុ៦ឆ្នាំ ហើយប្រកួតគុនខ្មែរបានតិចតួចនៅបាត់ដំបង ខណៈរបបប្រល័យ ពូជសាសន៍លោករត់ចូលទៅទឹកដីប្រទេសថៃ ហើយបន្តទៅរស់នៅសហរដ្ឋអាមេរិកតែម្តង ។
លោកបន្តថា ការមករស់នៅអាមេរិកលោកបានបង្ហាត់គុនខ្មែរ ល្បុក្កតោ ជាង៣០ឆ្នាំមកហើយ ដែលមានសិស្សរាប់ពាន់នាក់បានស្គាល់រូបលោក ។ លោកបន្ថែមថា នៅទីនោះមានកីឡាករខ្មែរហាត់មិនច្រើននោះទេ សម្រាប់គុនខ្មែរ រឺ សកល រួមជាមួយ MMA ពីព្រោះពួកគេភាគច្រើនរវល់ ហើយគេហាត់កីឡាផ្សេងៗ ដូចជា វាយកូនហ្គោល វាយកូនបាល់ រឺ ជឺជិះស៊ូ ជាដើម ដូចច្នេះលោកត្រូវចម្រាញ់រកកីឡាករណាដែលមានសមត្ថភាពខ្លាំងដើម្បីយកទៅប្រកួតនៅ ស៊ីហ្គេម នាឆ្នាំក្រោយនាប្រទេសហ្វីលីពីន រឺ នៅព្រឹត្តិការណ៍ អូឡាំពិក ជាដើម ។
ដោយមានការស្នើសុំពីខាងអូឡាំពិកកម្ពុជាលោកអាចនឹងយកកីឡាករ គុនខ្មែរ, សកល និង MMA ដើម្បីត្រៀមយកទៅប្រកួតប្រសិនមានប្រភេទវិញ្ញាសារកីឡានោះ ហើយលោករកបានកីឡាករល្អៗច្រើនដែលសង្ឃឹមទទួលបានមេដាយជូនជាតិ ៕ អត្ថបទ៖ ជោគជ័យ