អតីតគ្រូបង្គោលនៃក្រុមជំរើសជាតិកម្ពុជា Scott O’Donell ត្រូវក្លឹប សៀមរាប យូណាយធីត តែងតាំងជាទីប្រឹក្សារបស់ក្លឹប
លោក Scott O’Donell អតីតគ្រូបង្គោលនៃក្រុមជំរើសជាតិកម្ពុជា និង បច្ចុប្បន្នជាគ្រូឧទេ្ទសរបស់សហព័ន្ធបាល់ទាត់ពិភពលោក ( FiFa) ត្រូវក្លឹប សៀមរាប យូណាយធីត តែងតាំងជាទីប្រឹក្សារបស់ក្លឹប នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ក្លឹបសៀមរាប យូណាយធីត ក្នុងថ្ងៃនេះ។ គួរបញ្ជាក់ថា ការតែងតាំងលោក Scott O’Donell ជាទីប្រឹក្សារបស់ក្លឹបនាពេលនេះ ក៏ជាការចូលរួមចំណែកមួយក្នុងការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបាល់ទាត់ទៅថ្ងៃអនាគត របស់ក្រុម សៀមរាប យូណាយធីត ផងដែរ។
លោក Scott O’Donell ដែលបច្ចុបន្បន្នមានវ័យ៥៣ឆ្នាំ ក្នុងនាមមានដើមកំណើតជាជនជាតិអូស្រ្តាលី ធ្លាប់ធ្វើជាគ្រូបង្គោលក្រុមជំរើសជាតិកម្ពុជាចំនួន២ដង ដោយលើកទី១ក្នុងឆ្នាំ២០០៥ និងលើកទី២ក្នុងឆ្នាំ២០០៧។ ហើយរូបលោកផ្ទាល់ក៏ធ្លាប់ដឹកនាំក្រុមជំរើសជាតិកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលមានដូចជា៖ AFF SuzuKi Cup, Sea Games និងការប្រកួតជម្រុះ FiFa World Cup ជាដើម៕