
សហព័ន្ធបាល់ទាត់អាឡឺម៉ង់ DFB ត្រួតមើលកាយវិការរម្លែកទុក្ខរបស់ Sancho, Thuram និង McKennie ដល់ George Floyd
(BC-99)
សហព័ន្ធបាល់ទាត់ អាលឺម៉ង់ DFB កំពុងតែត្រួតពិនិត្យមើលកីឡាករ Jadon Sancho, Marcus Thuram និង Weston McKennie ដែលបានធ្វើការរម្លែកទុក្ខដល់ George Floyd អំឡុងពេលធ្វើការប្រកួតនៅ Bundesliga នាចុងសប្តាហ៍កន្លងទៅនេះ។
បន្ទាប់ពីបានស៊ុតបាល់គ្រាប់ទីមួយរបស់ខ្លួនក្នុងចំណោមការស៊ុតទាំងបីគ្រាប់លើក្រុម Paderborn កាលពីថ្ងៃអាទិត្យ Sancho បានបង្ហាញអក្សរនៅលើអាវយឺតដែលសរសេរដោយដៃថា “យុត្តិធម៌សម្រាប់ George Floyd” ដែលសូម្បីតែមិត្តរួមក្រុម Achraf Hakimi ក៏បានបង្ហាញអាវមានសារដូចគ្នានេះដែរ។
មិនខុសគ្នាប៉ុន្មានពីកីឡាកររបស់ Borussia Dortmund Marcus Thuram របស់ក្រុម Borussia Monchengladbach ឯណោះវិញបានលត់ជង្គង់មួយចំហៀងបន្ទាប់ពីគេបានស៊ុតបាល់បញ្ចូលទីលើក្រុមប្រឆាំង Union Berlin ខណៈដែលកីឡាករអាមេរិច McKennie របស់ក្រុម Schalke បានពាក់ដៃអាវដែលសរសេរទាមទារស្វែងរកយុត្តិធម៌សម្រាប់ George Floyd ដែរ។
គួររម្លឹកថាលោក George Floyd បានស្លាប់នៅពេលដែលប៉ូលីសបានយកជង្គង់ច្រត់កបុរសរូបនេះរយៈពេល ៩ នាទីរហូតដល់ស្លាប់ក្នុងរដ្ឋ Minnesota កាលពីសប្តាហ៍មុនដែលបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំនិងមានកុបកម្មនៅក្នុងទីក្រុងជាច្រើនរបស់ សហរដ្ឋអាមេរិក។
ប្រធានគណៈកម្មាធិការត្រួតពិនិត្យរបស់ DFB លោក Anton Nachreiner បានបញ្ជាក់ថាការសម្តែងការគោរពនេះនឹងត្រូវបានពិចារណាដោយមានការយល់ឃើញថាកាយវិការចូលរួមរម្លែកទុក្ខដល់ជនរងគ្រោះនៅ អាមេរិច វានឹងអាចជះឥទ្ធិពលដែលបណ្តាលអោយមានការធ្វើបាតុកម្មទាមទាររកសិទ្ធអោយជនជាតិស្បែកខ្មៅនៅលើទឹកដីប្រទេស អាឡឺម៉ង់ ដែលកំពុងតែមានវិបត្តិជំងឺ Covid-19 ។

រូបភាព Getty Images
បន្ទាប់ពី Dortmund ឈ្នះ ៦-០ លើ Paderborn កីឡាករអន្តរជាតិ អង់គ្លេស Sancho បាននិយាយថា“ នេះជាការប្រកួតដ៏គួរឱ្យជក់ចិត្ត” ។ ទន្ទឹមនឹងនេះដែរគ្រូបង្វឹក Gladbach លោក Marco Rose បានសរសើរ Thuram សម្រាប់កាយវិការរម្លែកទុក្ខថាជាគំរូល្អប្រឆាំងនឹងការរើសអើងជាតិសាសន៍ ។