រកឃើញគុនខ្មែរ៦នាក់ឡើងទៅដណ្តើមខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់អមដោយលុយ៥ពាន់ដុល្លារ
កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅខេត្តរដូវកាលទី២ រកបានបេក្ខភាព៦រូបហើយ ក្រោយពីប្រកួតបញ្ចប់មណ្ឌលខេត្តសៀមរាបកាលពីថ្ងៃ សៅរ៍ ចុងសប្តាហ៍កន្លងទៅនេះនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ខណៈមណ្ខលចុងក្រោយ គឺកំពង់ធំ នឹងត្រូវរកកីឡាករគុនខ្មែរ២រូបចុងក្រោយសម្រាប់សរុបអោយ៨នាក់ឡើងប្រកួតបន្តដើម្បីដណ្តើមខ្សែក្រវាត់អមដោយប្រាក់រង្វាន់៥ពាន់ដុល្លារ ។
កីឡាករពីរនាក់ដែលបានឡើងកាលពីថ្ងៃ សៅរ៍ រួមមាន អេលីត កែវឡុង បន្ទាប់ពីប្រកួតឈ្នះពិន្ទុកីឡាករ លីន វីរៈ ខណៈ សេក គឹមសាន្ត បានប្រកួតឈ្នះកីឡាករ ឡុង ខេត្ត ដូចនេះវគ្គបន្តទៀត អេលីត កែវឡុង ត្រូវជួបកីឡាករ សេក គឹមសាន្ត ។ គួររំលឹកផងដែរថថា កាលពីប្រកួតមណ្ខលខេត្តកំពង់ចាម បឺត សង្ឃឹម និង ឡុង រ៉ាមី ជាឡើងមកវគ្គបន្ត ហើយពួកគេក៏ត្រូវជួបគ្នាផងដែរបន្ទាប់ពីឈ្នះដៃគូរៀងខ្លួនៗក្នុងអំឡុងខែ មករា និងមណ្ខលខេត្តបាត់ដំបង ស៊ន រ៉ាគីម ត្រូវជួបជាមួយជើងខ្លាំង វាន់ វឿន បន្ទាប់ពីពួកគេឈ្នះគូប្រកួត កាលពីខែថ្ងៃទី ១៥ ខែ កុម្ភៈ ។ មណ្ឌលចុងក្រោយខេត្តកំពង់ធំ ដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២០ មានកីឡាករ ពុទ្ធ ភារិន ប្រកួតជាមួយ សូត្រ វាសនា នឹងកីឡាករ ណង សាវ ប៉ះជាមួយ អេ ណារ័ត្ន ។
សរុបកីឡាករទាំង៦នាក់ដែលបានឡើងមកវគ្គបន្តរួមមាន ឡុង រ៉ាមី , បឺត សង្ឃឹម , ស៊ន រ៉ាគីម , វាន់ វឿន , សេក គឹមសាន្ត និង អេលីត កែវឡុង សម្រាប់ជើងឯកកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២នេះ នឹងទទួលបានខ្សែក្រវាត់១គ្រឿង អមដោយប្រាក់រង្វាន់ ៥០០០ ដុល្លារ ។ សូមបញ្ជាក់ថា ម្ចាស់ជើងឯកកាលពីរដូវកាលទី១បានទៅលើកីឡាករ ចិត្រ សុភី បន្ទាប់ពីឈ្នះ រឿង សារិទ្ធ ក្នុងវគ្គផ្តាច់ព្រ័ត្រ ៕