ក្រុមជម្រើសជាតិបាល់ទាត់មិនប្រមូលផ្តុំ ខណៈលីគកំពូល និងពានសម្តេច ហ៊ុន សែន សម្រាក
បើតាមកាលវិភាគក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ និងពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ដូវកាល២០២០ នឹងត្រូវឈប់សម្រាក FIFA’s Day តាមការគ្រោងនាសប្តាហ៍ខាងមុខនេះ ទោះបីមិនមានការប្រមូលផ្ដុំ ឬប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាក្តី(ពន្យាពេលដោយសារការពារជំងឺកូរ៉ូណា)។
ក្រោយពីកិច្ចប្រជុំពិភាក្សា និងការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នពាក់ព័ន្ធនឹង FIFA’s Day ក្នុងចំណោមគណៈកម្មការប្រកួតជាតិកម្ពុជា (CNCC), ក្រុមការងារជម្រើសជាតិកម្ពុជា និងតំណាងក្លិបទាំង ១៣ នៅក្នុងលីគ បានសម្រេចថាការប្រកួតក្នុងស្រុកនានានឹងសម្រាកសម្រាប់ខែមីនា នេះ ។ ទោះជាយ៉ាងណា ប្រសិនបើការប្រកួតកម្រិតជម្រើសជាតិមិនរៀបចំឡើងអំឡុង FIFA’s Day ខែមិថុនា ភាគីទាំង៣ខាងលើបានព្រមព្រៀងគ្នារំកិលការប្រកួតលីគ និងពានសម្ដេចតេជោ ហ៊ុន សែន មកជំនួសដើម្បីកុំឱ្យទំនេរចោល ដើម្បីកុំអោយពន្យាពេលយូរសម្រាប់ការប្រកួតលីហ្គ ។
គួរបញ្ជាក់ថា បើតាមកាលវិភាគជម្រុះ FIFA World Cup 2022 ដំណាក់កាលទីពីរ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវជួបប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នៅថ្ងៃទី២៦ ខែមីនា និងទទួលអ៊ីរ៉ង់ នៅថ្ងៃទី៣១ ខែមីនា។ យ៉ាងណាក្តី FIFA និងសហព័ន្ធបាល់ទាត់អាស៊ី AFC បានព្រមព្រៀងលើកការប្រកួតទាំងអស់ទៅពេលក្រោយវិញ ដូច្នេះហើយការសម្រាកក្នុងលីគ និងពានសម្ដេច ហ៊ុន សែន ថ្នាក់ខេត្តសម្រាប់ខែមីនា តាមថ្ងៃ FIFA’s Dayធម្មតាពោលគិតពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ មិនា ២០២០ ៕