ខុន ស៊ីចាន់ ត្រូវបាន One Championship ចុះកុងត្រាពេញមួយឆ្នាំ ២០២០
អ្នកប្រដាល់ចាស់វស្សារបស់កម្ពុជា ខុន ស៊ីចាន់ ត្រូវបានស្ថាប័នលំដាប់ពិភពលោក One Championship ចុះកុងត្រាដើម្បីធ្វើការប្រកួតពេញមួយឆ្នាំ២០២០ បន្ទាប់ពីរូបគេបានប្រឡូកក្នុងសង្វៀនមួយនេះបានចំនួន៤ដង នាពេលកន្លងមក ។ ម្ចាស់ខ្សែក្រវាត់ KWC រូបនេះនឹងត្រូវប្រកួតចំនួន៦ប្រកួតសម្រាប់កុងត្រាពេញមួយឆ្នាំរបស់ស្ថាប័នប្រដាល់កម្រិតអន្តរជាតិដែលមានកីឡាករមកពីគ្រប់ប្រទេសធ្វើការប្រកួតប្រជែងមួយនេះ ។
កីឡាករដើមកំណើតខេត្តឧត្តរមានជ័យ បានប្រាប់ MSR SPORT ថា One Championship បានចុះកុងត្រាមួយឆ្នាំពេញ ដើម្បីអោយរូបគេធ្វើការប្រកួត ៦ ដង ខណៈការបង្ហាញខ្លួនលើកដំំបូងក្នុងឆ្នាំ ២០២០ នេះគឺត្រូវប្រកួតនៅថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២០ នាប្រទេសឥណ្ឌូនេស៊ី ។
សូមបញ្ជាក់ថា ខុន ស៊ីចាន់ ធ្លាប់ប្រកួត MMA នៅស្ថាប័ន One Championship ចំនួន៤ដងរួចមកហើយ ដោយក្នុងនោះរូបគេរកបានជ័យជម្នះត្រឹម១ប្រកួតតែប៉ុណ្ណោះ និងបរាជ័យចំនួន៣ដង ។ ក្រោយទទួលបានកុងត្រានេះ ស៊ីចាន់ បានតាំងចិត្តថានឹងប្រឹងប្រែងហ្វឹកហាត់អោយបានល្អដើម្បីរកបានជ័យជម្នះលើឆាកអន្តរជាតិអោយខានតែបាន ៕