ខ្សែក្រវាត់គោជល់ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២រង្វាន់កើនដល់៥០០០ដុល្លារ រួមទាំងតម្លៃខ្លួនស្មើគូអន្តរជាតិ
ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកគោជល់បានបន្តចាប់ដៃគូជាមួយស្ថានីយ៍ទូរទស្សន៍ CNC ក្រោមកិច្ចសហប្រតិបត្តិការណ៍ជាមួយសហព័ន្ធប្រដាល់គុនខ្មែរ បានរៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពីដាក់ដំណើរការអោយប្រកួតជ្រើសរើសកីឡាករជើងខ្លាំងមកពីបណ្តាខេត្ត កំពង់ចាម បាត់ដំបង កំពង់ធំ សៀមរាប ចំនួន១៦នាក់ក្នុងប្រភេទទម្ងន់៥៧គ.ក្រ។
សន្និសីទស្តីពីកម្មវិធីប្រកួត អ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២ នេះបានប្រារព្វធ្វើឡើងនាសង្វៀនប្រដាល់ CBS ឫស្សីកែវកាលពីថ្ងៃសៅរ៍កន្លងមកដោយមានការចូលរួមជាកិត្តិយសពីឯឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លោក មាន សំអុល នាយកចាត់ការទូរទៅភេសជ្ជៈ គោជល់ នៅកម្ពុជា លោក ហូ រតនៈ ជាប្រធានទីផ្សាររបស់ស្ថានីយ៍ទូរទស្សន៍ CNC ព្រមទាំងគ្រូបង្វឹក និងកីឡាករគុនខ្មែរ រួមជាមួយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើនរូបទៀត។
នាឱកាសនោះដែរ លោក តែម ម៉ឺន បានមានប្រសាសន៍ទាក់ទងទៅនឹងភាពរីកចម្រើននៃវិស័យគុនខ្មែរលើឆាកជាតិនិងអន្តរជាតិដែលនេះបានមកពីការចូលរួមខ្នះខ្នែងពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាមានការលើកស្ទួយពីមហាជនទូរទៅ រួមទាំងការជួយផ្សព្វផ្សាយពីបណ្តាស្ថានីយ៍ទូរទស្សន៍ ជាពិសេសគឺអ្នកឧបត្ថមកម្មវិធីតែម្តង ហើយលោកកត់សម្គាល់ឃើញថា ក្រុមហ៊ុន ភេសជ្ជៈគោជល់ គឺជាក្រុមហ៊ុនឈានមុខគេដែលបានផ្សារភ្ជាប់ជាមួយកម្មវិធីប្រកួតប្រដាល់គុនខ្មែរ។
ដោយឡែកសម្រាប់លោក មាន សំអុល វិញក៏បានលើកឡើងក្នុងអង្គពិធីសន្និសីទសារព័ត៌មាននោះដែរថា មិនត្រឹមតែការប្រកួតទេដែលកក្រើក សូម្បីតែប្រាក់រង្វាន់ក៏អស្ចារ្យដែរ! កីឡាករ ជើងឯកនឹងទទួលបាន ខ្សែក្រវាត់ ពាន់រង្វាន់ និងប្រាក់រង្វាន់រហូតដល់ទៅ ៥០០០ដុល្លារ ខណៈដែលជើងឯករង នឹងទទួលបាន ពានរង្វាន់ រួមជាមួយប្រាក់រង្វាន់រហូតដល់ ២០០០ដុល្លារ។
ការប្រកួតដ៏កក្រើកនេះនឹងចាប់ផ្តើមដំណើរការនៅថ្ងៃសៅរ៍ ទី ១៨ មករា ឆ្នាំ ២០២០ នេះហើយនាទីរួមខេត្តកំពង់ចាម ចាប់ពីវេលាម៉ោង៥ល្ងាចតទៅ ដោយមានការប្រកួតជម្រុះខ្សែក្រវាត់ចំនូន២គូ ក្នុងនោះ ពុទ្ធ ម៉ាណូយ ត្រូវប៉ះ ឡុង រ៉ាមី និង សៀវ ង៉ុយ ជួប បឺត សង្ឃឹម រួមទាំងការប្រកួតគូមិត្តភាពអន្តរជាតិចំនួនពីរបន្ថែមទៀតផងដែរ ក្នុងនោះ ឡៅ ចន្ទ្រា ត្រូវសងសឹកជាមួយកីឡាករថៃ កងមឿងឆាង និងដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ត្រូវតតាំងជាមួយកីឡាករថៃ ផ្លាំងនុម ។
សូមបញ្ជាក់ថា សម្រាប់បេក្ខភាពប្រកួតដណ្តើមខ្សែក្រវាត់អ្នកឈ្នះនឹងឡើងទៅប៉ះអ្នកឈ្នះដើម្បីរកជើងឯកប្រចាំខេត្តនីមូយៗ បន្តមកប្រកួតនៅរាជធានីភ្នំពេញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ដែលមានប្រាក់រង្វាន់ ៥០០០ ដុល្លារ ដែលច្រើនជាងរដូវកាលទី១ ដែលកីឡាករគុនខ្មែរ ចិត្រ សុភី ជាម្ចាស់ជើងឯកដោយទទួលបាន ៣០០០ ដុល្លារ ហើយអ្វីដែលពិសេសទៀតនោះនៅរដូវកាលទី២នេះគឺតម្លៃខ្លួននៃការប្រកួតរបស់កីឡាករខ្មែរក្នុងកម្មវិធីខ្សែក្រវាត់នេះស្មើនឹងការប្រកួតគូអន្តរជាតិ ៕