លោក Jose Mourinho សម្រេចចិត្តគ្មានស្ទាក់ស្ទើរធ្វើជាអ្នកដឹកនាំក្រុម Tottenham Hot Spurs
(BC-99)
មាន់ខ្នាយមាស Tottenham Hotspur បានបណ្តេញលោក Mauricio Pochettino ចេញពីក្រុមហើយកាលពីថ្ងៃអង្គារម្សិលម៉ិញនិងបានប្រកាសតែងតាំងលោក Jose Mourinho ជាអ្នកចាត់ការថ្មីរបស់ពួកគេនៅក្នុងថ្ងៃនេះលើកិច្ចសន្យាដែលនឹងត្រូវដំណើរការរហូតដល់ចុងបញ្ចប់រដូវកាល ២០២២-២០២៣ ។
លោក Mourinho បានបន្ថែមឈ្មោះ Spurs ទៅក្នុងបញ្ជីឈ្មោះក្លឹបមុនៗដែលលោកធ្លាប់គ្រប់គ្រងរួមមាន FC Porto, Internazionale, Chelsea, Real Madrid និង Manchester United ។ ការងារជាអ្នកដឹកនាំ Spurs នឹងក្លាយជាតួនាទីថ្មីលើកដំបូងរបស់គាត់ចាប់តាំងពីត្រូវបានបណ្តេញចេញដោយ United កាលពីខែធ្នូឆ្នាំ ២០១៨ កន្លងមក ។
ការបណ្តេញលោក Mauricio Pochettino ចេញពី Spurs គឺជារឿងដែលមើលទៅមានការទាស់ភ្នែកជាខ្លាំង ក៏ប៉ុន្តែជារឿងចៀសមិនផុតនិងជាការសម្រេចចិត្តចុងក្រោយបំផុតមួយ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានស្រង់ចេញពីការផ្សាយដោយ Premier League លោក Mourinho បាននិយាយអោយដឹងថា៖ “ ខ្ញុំពិតជារំភើបណាស់ដែលបានចូលរួមជាមួយក្លិបមួយដែលមានអ្នលគាំទ្រដ៏អស្ចារ្យនិងងប់ងល់បែបនេះ។ គុណភាពក្រុមទាំងមូលបានធ្វើឱ្យខ្ញុំរំភើបរីករាយចង់ធ្វើការជាមួយ កីឡាករទាំងអស់បានទាក់ទាញទឹកចិត្តខ្ញុំមែនទែន ”។
ដោយឡែកលោក Daniel Levy ដែលជានាយរបស់ក្លឹបក៏បានលើកឡើងដែរថា“ Jose គឺជាអ្នកគ្រប់គ្រងម្នាក់ដែលទទួលបាននូវភាពជោគជ័យធំធេងបំផុតក្នុងវិស័យបាល់ទាត់។ គាត់មានបទពិសោធន៍ដ៏សំបូរបែបអាចជម្រុញអោយក្រុមយើងកាន់តែអស្ចារ្យជាងមុន។ គាត់បានឈ្នះពានរង្វាន់នៅគ្រប់ក្លឹបដែលគាត់បានបង្វឹក។ យើងជឿជាក់ថាគាត់នឹងនាំថាមពលនិងជំនឿមកអោយក្រុមរបស់យើង “ ។
សូមបញ្ជាក់ថាបុរសវ័យ ៥៦ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ Premier League ចំនួន ៣ លើកលើការប្រកបអាជីពចំនួន ២ លើកជាមួយ Chelsea និងបានវិលត្រឡប់ទៅប្រទេសអង់គ្លេសម្តងទៀតដើម្បីគ្រប់គ្រងក្រុម Manchester United ក្នុងឆ្នាំ ២០១៦ និងជួយអោយក្រុមនេះឈ្នះរង្វាន់ជើងឯក UEFA EUROPA League ផងដែរ។