លោក ជា រិទ្ធ ត្រៀមបញ្ចូន សុខ សុវណ្ណ ទៅប្រកួតនៅម៉ាឡេស៊ី បន្ទាប់ពីទទួលតំណែងថ្មីពីសហព័ន្ធ
លោក ជា រិទ្ធ ដែលជាគ្រូបង្វឹកនៃក្លិបប្រដាល់គុហាព្រហ្មជ័យនៃក្រសួងការពារជាតិ ត្រូវបានសហព័ន្ធប្រដាល់គុនខ្មែរដែលមានឯកឧត្តម តែម ម៉ឺន ជាប្រធានតែងតាំងជាប្រធានផ្នែកខាងទំនាក់ទំនងអន្តរជាតិដើម្បីនាំគុនខ្មែរចេញទៅប្រកួត នៅក្រៅប្រទេស ដើម្បីផ្សព្វផ្សាយពីគុនខ្មែរអោយបានកាន់តែទូលំទូលាយលើឆាកអន្តរជាតិ ។
សាស្ត្រាចារ្យផ្នែកភាសាអង់គ្លេសរូបនេះបានប្រាប់ MSR SPORT ថា ប្រធានសហព័ន្ធគុនខ្មែរបានតែងតាំងលោកជាជំនួយការនិងអោយលោកធ្វើជាប្រធានផ្នែកទំនាក់ទំនងអន្តរជាតិរួមជាមួយក្រុមការងារផ្សេងៗទៀត ក្នុងគោលដំណង នាំកីឡាករគុនខ្មែរទៅប្រកួតក្រៅប្រទេសអោយបានច្រើន ដើម្បីគុនខ្មែរគេស្គាល់បានកាន់តែច្រើន ។ លោកបន្ថែមថា កន្លងមកសហព័ន្ធក៏បានតែងតាំងលោក ហ៊ុន ចាន់រាជ ជាប្រតិភូដឹកនាំកីឡាករគុនខ្មែរទៅប្រកួតក្រៅប្រទេសដែរ ប៉ុន្តែលោក ចាន់រាជ គាត់មានទួនាទីនៅសហព័ន្ធគុនចម្រុះ ដូននេះហើយដើម្បីអោយមានទីផ្សារកាន់តែច្រើនសហព័ន្ធក៏បន្ថែមលោកម្នាក់ទៀតផ្នែកខាងគុនខ្មែររបស់សហព័ន្ធផ្ទាល់តែម្តង ។
លោកជា រិទ្ធ តាំងចិត្តថានឹងប្រឹងប្រែងបណ្តុះកីឡាករនិងស្វែងរកកីឡាករគុនខ្មែរល្អៗអោយបានច្រើនដើម្បីចេញទៅប្រកួតនៅក្រៅប្រទេសក្នុងកម្មវិធីធំៗដូចជា One Championship និងតាមបណ្តាប្រទេសផ្សេងៗទៀត ដើម្បីអោយកីឡាករមានទីផ្សារប្រកួតច្រើន និងផ្សព្វផ្សាយពីគុនខ្មែរអោយពិភពលោកបានស្គាល់ ។
សូមបញ្ជាក់ថា ជំហានដំបូងរបស់លោកគឺបាននាំកីឡាករ សុខ សុវណ្ន របស់ក្លិបក្រសួងការពារជាតិចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៩ នេះ និងលោកបាននាំកីឡាករផ្ទាល់របស់លោក រិទ្ធ សាស្ត្រាវុធ ទៅប្រកួតនៅប្រទេសថៃ នាថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៩ នេះផងដែរ ៕