សុខហ៊ុច អាចនឹងប៉ះកីឡាករចិន សងសឹកអោយ គង់ សំបូរ នៅ One Championship
បន្ទាប់ពីដឹកនាំកីឡាករ គង់ សំបូរ ទៅប្រកួតនៅព្រឹត្តិការណ៍ One Championship ដោយចាញ់ពិន្ទុកីឡាករចិន zhang chenglong លោកគ្រូ ជា រិទ្ធ កំពុងតែត្រៀមស្វែងរកកីឡាករគុនខ្មែរម្នាក់ទៀតដើម្បី ប្រកួតជាមួយកីឡាករចិននេះម្តងទៀត សងសឹកអោយកូនសិស្សរបស់លោក ។
គ្រូបង្វឹកនៃក្លិប Kingdom Fight Gym បានបង្ហើបថា ក្រៅពីគម្រោងបញ្ចូនកីឡាករគុនខ្មែរទៅប្រកួតនៅប្រទេសជប៉ុន លោកកំពុងស្នើទៅកាន់អ្នករៀបចំកម្មវិធី One Championship ដើម្បីនាំកីឡាករគុនខ្មែរទៅ ប្រកួតបន្តទៀត ហើយអ្វីដែលលោកចង់បានគឺដាក់កីឡាករគុនខ្មែរប្រកួតជាមួយចិនដែលឈ្នះ គង់ សំបូរ ហើយលោកមើលឃើញថាកីឡាករប្រភេទទម្ងន់ ៦៥ គីឡូក្រាមរបស់កម្ពុជាមានតែ មឿង សុខហ៊ុច ទេដែលដែលសាកសមប៉ះកីឡាករចិន នោះ ។
លោកបន្ថែមថា មូលហេតុដែលលោកគិតថា សុខហ៊ុច សាកសមពីព្រោះប្រភេទទម្ងន់ ៦៥ គីឡូក្រាម មានតែ រូបគេទេដែលល្អ ជាពិសេសការទាត់និងកណ្តាប់ដៃរបស់គេដែលអាចប្រកួតលក្ខណៈ Kickboxing បាន រួមជាមួយស្មារតីរបស់គេដែលមិនចេះភ័យខ្លាចដៃគូពេលប្រកួតនៅក្រៅប្រទេស ។
មឿន សុខហ៊ុច ជាកីឡាករម្នាក់ដែលធ្លាប់បានខ្សែក្រវាត់ Max Muay Thai នៅប្រទេសថៃ និងធ្លាប់ចេញទៅ ប្រទេសម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ផងដែរ ។
សូមបញ្ជាក់ថា កីឡាករគុនខ្មែរ គង់ សំបូរ មានឱកាសប្រកួតនៅ One Championship ជាលើកដំបូងកាល ពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅប្រទេសសឹង្ហបុរី ដោយចាញ់ពិន្ទុមិនឯកច្ឆ័ន្ត ២ ទល់ ១ ជាមួយកីឡាករចិន zhang chenglong លក្ខណៈ Kickboxing ប្រភេទទម្ងន់ ៦៥ គីឡូក្រាម ៕