ពេជ្រ សីហា ប្រកាសឈប់ឡើងសង្វៀនដោយសារបាក់កដៃ តែក៏ត្រៀមបើកក្លឹបថ្មីផងដែរ
កាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ពេជ្រ សីហា ដែលអ្នកគាំទ្រគុនខ្មែរតែងតែនិយមហៅថា ម៉ៃថៃសាន់ខ្មែរ បានធ្វើការឡាយតាម Facebook ផ្ទាល់ខ្លួនរយៈពេលជិតមួយម៉ោង ដោយបើកឲ្យអ្នកគាំទ្ររបស់ខ្លួនសួរតាមចិត្ត។ ក្នុងនោះ MSR បានចាប់អារម្មណ៍នៅចំណុចសំខាន់៣ដែល ពេជ្រ សីហា បានឆ្លើយទៅកាន់អ្នកគាំទ្ររបស់ខ្លួន ចំណុចទាំង៣នោះមានដូចជា៖ ទី១ បញ្ហាឈប់ឡើងសង្វៀនប្រកួត ដោយងាកមកធ្វើជាប្រជាការពារភូមិនៅកំពង់សោម ដោយសារតែបញ្ហារបួសបាក់ឆ្អឹងកដៃ។ ទី២ ឆាប់ៗខាងមុខនេះក្រោមការជួយជ្រោមជ្រែងពីអ្នកធំនៅខេត្តកំពង់សោម ពេជ្រ សីហា កំពុងស្វែងរកដីដើម្បីបើកក្លឹបបង្ហាត់គុនខ្មែរ និង ទី៣ ពេជ្រ សីហា បាននិយាយថា រូបគេនិងកែខ្លួនឲ្យល្អឡើងវិញ ព្រមទាំងចង់បានប្រពន្ធមួយ ដើម្បីចាប់ដៃគ្នាសាងអនាគតនៅទីនោះ។
គួរបញ្ជាក់ថា ប្អូនប្រុសរបស់លោកគ្រូ ពេជ្រ សុផាន់ រូបនេះ បានបោះបង់អាជីពគុនខ្មែរអស់រយៈពេលជាច្រើនខែកន្លងមកហើយ ដោយបានស្វែងរកទ្រនំថ្មី ជីវិតថ្មី ក្នុងទឹកដីកំពង់សោម។ ជាមួយគ្នានោះ ពេជ្រ សីហា ក៏ជាកីឡាករគុនខ្មែរមួយរូបដែលពូកែប្រើកណ្តាប់ដៃបានល្អ ប្រសិនបើអាចបើកក្លឹបថ្មីបានមែននោះ ពិតណាស់! យើងនឹងបានឃើញអ្នកកំពង់សោមបង្ហាញវត្តមានប្រកួតនៅរាជធានីភ្នំពេញ ហើយម្យ៉ាងទៀត អ្នកខេត្តកំពង់សោមក៏មិនបាច់មកហាត់នៅរាជធានីភ្នំពេញដូចមុនដែរ៕