ចាន់ រតនា ៖ ខ្ញុំហាត់ទាត់និងកណ្តាប់ដៃអោយធ្ងន់ ព្រោះ Gustavo គេល្អចូលចាប់
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា នឹងឡើងសង្វៀន ONE Championship នាថ្ងៃទី១៦ខែសីហាឆ្នាំ២០១៩ខាងមុខនេះដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ក្នុងព្រឹត្តិការណ៍ ONE: DREAMS OF GOLD ដោយត្រូវប៉ះកីឡាករកម្ពស់ទាប Gustavo “El Gladiador” Balart ។
សម្រាប់ការត្រៀមក្នុងជំនួបនេះ ចាន់ រតនា បានប្រាប់ MSR SPORT ថា វាមិនងាយស្រួលនោះទេសម្រាប់ការប៉ះកីឡាករទាបដែលខ្លាំងខាងចំបាប់ ពីព្រោះការវាយ MMA អាចប្រើក្បាច់ចំបាប់បាន ប៉ុន្តែបើវាយប្រយោលយើងមានសង្ឃឹមដូចនេះត្រូវហាត់យកកម្លាំងអោយបានច្រើនដើម្បីទប់ទល់ជាមួយការចូលចាប់របស់ដៃគូ ហើយពង្រឹងការទាត់និងវៃកណ្តាប់ដៃអោយធ្ងន់ដើម្បីកាត់ចង្វាក់ការចូលរបស់គេ ។ បុរសកូនពីររូបនេះបន្ថែមថា ក្បាច់មានគ្រប់យ៉ាងហើយ អ្វីដែលត្រូវធ្វើគឺការហាត់យកកម្លាំង ហើយសន្យាថានឹងប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជន្នះជូនប្រទេសជាតិ ។
Gustavo ដែលជាដៃគូរបស់ រតនា លើកនេះ គឺជាអ្នកខ្លាំងមួយរូបរបស់គុយបាដែលមានកម្ពស់ត្រឹមតែ ១.៤៩ ប៉ុណ្ណោះ ប៉ុន្តែជាជើងខ្លាំងផ្នែកចំបាប់ក្នុងប្រទេសរបស់ខ្លួន ហើយក៏ធ្លាប់ឈ្នះមេដាយមាសព្រឹត្តិការណ៍ Pan American Games ផងដែរ។ សម្រាប់ការប្រកួតកន្លងមក Gustavo មានបទពិសោធ ១០ ដងឈ្នះ ៨ និង ចាញ់ ២ ដង ។
ចំណែក ចាន់ រតនា ទទួលបានជ័យជម្នះ២ប្រកួតជាប់គ្នានៅសង្វៀនអាស៊ី ONE បន្ទាប់ពីផ្តួលកីឡាករឥណ្ឌូណេស៊ី២នាក់ក្នុងទឹកទី២ដូចគ្នាគឺ Rudy Agustian កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ និង Abrou Fernandes កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។ បើសិនអ្នកប្រយុទ្ធគុនចម្រុះកម្ពុជារូបនេះឈ្នះកីឡាករគុយបា នេះម្នាក់ទៀត ឱកាសក្លាយជាបេក្ខភាពដណ្តើមខ្សែក្រវាត់នាពេលខាងមុខកាន់តែច្រើនសម្រាប់រូបគេផងដែរ ៕