
ព្រំ សំណាង ធានាវ៉ៃប្រភេទទម្ងន់ ៧៥ គីឡូបាន
អស់រយៈពេលជាង២ខែហើយដែលអ្នកប្រដាល់ទម្ងន់ធ្ងន់ ព្រំ សំណាង មិនបានឡើងសង្វៀនពោលចាប់តាំងពីរូបគេប្រកួតចាញ់កីឡាករអួបេគីស្ថាន Mansubek នាសង្វៀន CNC ខណៈអ្នកគាំទ្រជាច្រើនតែងតែមានចម្ងល់អំពីមូលហេតុដែលកីឡាករនៃក្លិបឆ័ត្រយោង៩១១ ខកខានប្រកួតយូរដូចនេះ ។

ព្រំ សំណាង
កូនសិស្សរបស់លោក ហស្ស សឿន បានបង្ហើបប្រាប់ MSR SPORT ថារូបគេពិតជាចង់ឡើងសង្វៀនណាស់ ប៉ុន្តែភាគច្រើនគេថាខ្ញុំគីឡូធំពេក សម្រាប់ខ្ញុំបើមិនសូវហ្វឹកហាត់គីឡូត្រឹម៨០ ប៉ុណ្ណោះ ដូចនេះមានន័យថាបើមានការប្រកួតរូបគេហ្វឹកហាត់និងធ្វើគីឡូពិតជាអាចប្រកួតបាន១០០ភាគរយក្នុងប្រភេទទម្ងន់ ៧៥គីឡូក្រាមដែលអ្នកចាប់គូតែងតែចង់បាន ។ អ្នកប្រដាល់ខេត្តកំពង់ស្ពឺបន្ថែមថា លឺស្ថានីយ៍ថាចង់បានរូបខ្ញុំប្រកួត ប៉ុន្តែគ្រូគាត់មិនដាក់ឈ្មោះទៅ ចំណុចនេះខ្ញុំក៏ឆ្ងល់ដែរ ហេតុអ្វីគ្រូមិនបញ្ចូនឈ្មោះខ្ញុំទៅ។

ព្រំ សំណាង
សូមបញ្ជាក់ ព្រំ សំណាង ជាកីឡាករគុនខ្មែរតែម្នាក់ប៉ុណ្ណោះនាពេលបច្ចុប្បន្នដែលមានសមត្ថភាពប្រកួត អន្តរជាតិក្នុងទម្ងន់ធ្ងន់ ៧៥ គីឡូក្រាមទៅ ៨០គីឡូរបស់កម្ពុជា ហើយរូបគេបានខកខានឡើងប្រកួត ចាប់តាំងពីចុងខែមិនា ឆ្នាំ ២០១៩ មក ៕