ម្ចាស់មេដាយមាសកីឡាជាតិ សុខ ធី និង សុខ រិទ្ធ មិនទាន់អាចជាប់ជម្រើសជាតិគុនខ្មែរបានទេ
ទោះបីអ្នកប្រដាល់គុនខ្មែរ សុខ ធី និង សុខ រិទ្ធ ឈ្នះមេដាយមាសកីឡាជាតិលើកទីពីរប្រចាំឆ្នាំ២០១៧ ប៉ុន្តែនៅមិនទាន់អាចជាប់ជម្រើសជាតិគុនខ្មែរបាននោះទេដោយពួកគេត្រូវចូលរួមការប្រកួតជើងឯក ថ្នាក់ជាតិឆ្នាំ២០១៨ បន្តទៀត ហើយកីឡាករផ្សេងៗដែលឈ្នះមេដាយមាសកីឡាជាតិក៏ដូចគ្នាដែរ ។
គ្រូបង្វឹកក្រុមជម្រើសជាតិគុនខ្មែរលោក អេ ភូថង ធ្លាប់បានបញ្ជក់ថាកីឡាករដែលឈ្នះមេដាយមាស កីឡាជាតិមិនទាន់គ្រប់គ្រាន់ដើម្បីចូលជម្រើសជាតិគុនខ្មែរនោះទេ ដោយពួកគេត្រូវចូលរួមការប្រកួត ជើងឯកថ្នាក់ជាតិបន្តទៀតសិន ។ លោកបន្តថា បើពួកគេនៅតែធ្វើបានល្អទើបអាចជាប់ជម្រើសជាតិ ប៉ុន្តែបើមានអ្នកផ្សេងដែលធ្វើបានល្អជាងពួកគេនោះកីឡាករដែលឈ្នះមេដាយមាសថ្នាក់ជាតិ ក៏ជាប់បានដែរ ។
អតីតកីឡាករកំពូលរបស់កម្ពុជាបន្ថែមថា យ៉ាងណាការជ្រើសរើសកីឡាករជម្រើសជាតិគុនខ្មែរនឹង មើលតាមជាក់ស្តែងបន្ថែមទៀតរវាងកីឡាករមេដាយមាសកីឡាជាតិ និងម្ចាស់មេដាយប្រដាល់ ជើងឯកថ្នាក់ជាតិនរណាល្អគឺម្នាក់នោះត្រូវកោះហៅចូលក្រុមជម្រើសជាតិ ។
សូមបញ្ជាក់ថា កីឡាជាតិលើកទីពីរ សុខ ធី ជាម្ចាស់មេដាយមាសប្រភេទទម្ងន់ ៥៧ គីឡូក្រាម ខណៈ សុខ រិទ្ធ ជាម្ចាស់មេដាយមាសកីឡាជាតិប្រភេទទម្ងន់ ៥១ គីឡូក្រាម ។ ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ នឹងចាប់ផ្តើមក្នុងខែធ្នូ ខាងមុខនេះ ដោយសហព័ន្ធត្រៀម ចម្រាញ់រកកីឡាករល្អៗដើម្បីចូលក្រុមជម្រើសជាតិគុនខ្មែរត្រៀមស៊ីហ្គេមនៅ ហ្វីលីភីន ក្នុងឆ្នាំ២០១៩ ៕