ខ្សែការពារ ឈិន ឈឿន បង្ហើបពីតិចនិចហ្វឹកហាត់របស់អ្នកចាត់ការថ្មី Keisuke Honda
ក្រុមជម្រើសជាតិកម្ពុជានឹងបើកពហុកីឡដ្ឋានជាតិដើម្បីស្វាគមន៍ក្រុមភ្ញៀវម៉ាឡេស៊ីនៅក្នុងការប្រកួតមិត្តភាពនៅល្ងាចថ្ងៃច័ន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ នាវេលាម៉ោង៦:៣០នាទី។
មុននឹងការប្រកួតចាប់ផ្តើមនៅថ្ងៃនេះ អ្នកចាត់ការថ្មី Keisuke Honda ចាប់ផ្តើមធ្វើការហ្វឹកហាត់ជាមួយក្រុមរហស្សនាមគោព្រៃជាផ្លូវការក្នុងថៃដំបូងកាលពីថ្ងៃ៤ ខែកញ្ញា។
ដោយឡែកខ្សែការពារ ឈិន ឈឿន បានបង្ហើបប្រាប់ពីតិចនិចហ្វឹកហាត់របស់អ្នកចាត់ការថ្មីឲ្យក្រុមការងារ MSR Sport ថា៖ “សម្រាប់ការយុទ្ធសាស្រ្តរបស់អ្នកចាត់ Honda គឺទៅលើការហ្វឹកហាត់ខ្លាំង, ការហូបចុបបានល្អ និង សម្រាកបានច្រើន។ អ្វីដែលម្ចាស់អាវលេខ៤របស់ក្រុមជម្រើសជាតិជប៉ុនបានផ្តោតសំខាន់នោះគឺបច្ចេកទេសរបស់កីឡាករម្នាក់ៗនឹងភាពខ្វះខាតរបស់សមាជិកម្នាក់ៗ”
“ជាពិសេសគឺទំនុកចិត្តតែម្តង គាត់បានឲ្យពួកយើងហ៊ានលេងកុំអោយមានភាពភ័យខ្លាច។ លោក Honda គឺគាត់បានបង្ហាត់បន្ថែមពីលើទៀត ដោយគាត់បានដឹងពីកម្រិតរបស់សមាជិកនីមួយៗ ហើយនិយាយរួមទៅគឺការហ្វឹកហាត់ខ្លាំង ប៉ុន្តែពួកយើងគឺពិតជាសប្បាយដោយមិនមានភាពធុញថប់អ្វីឡើយ” នេះបើតាមម្ចាស់អាវលេខ១៧របស់ក្រុមគោព្រៃបានបន្ថែម។
សម្រាប់ល្ងាចនេះ ខ្សែការពារ ឈិន ឈឿន មិនទាន់ច្បាស់ថាខ្លួនអាចនឹងរំពឹងថានឹងជាប់ឈ្មោះចូលលេងក្នុងជម្រើស១១នាក់ដំបូងនៅឡើយទេ ប៉ុន្តែរំពឹងថាក្រុមនឹងទទួលបានលទ្ធផលល្អក្នុងជំនួបមិត្តភាពនេះ ក្រោយពីក្រុមជម្រើសជាតិកម្ពុជាខកខានធ្វើការជួបជុំអស់រយៈពេលយូរណាស់មកហើយ។
រូបភាព៖ សហព័ន្ធបាល់ទាត់កម្ពុជា