Man Utd នឹងមានសត្រូក្នុងពិភពបាល់ទាត់កាន់តែច្រើនដោយសារតែការសម្រេចចិត្តរបស់លោក Jim Ratcliffe
(BC-99) បើតាមការវិភាគពីអ្នកជំនាញកីឡានៅពេលថ្មីៗនេះបានបង្ហាញឲ្យឃើញថាក្រុមបិសាចក្រហម Manchester United នឹងធ្វើឲ្យមានកំហឹងឆាបឆេះពីគូប្រជែងក្នុងពិភពបាល់ទាត់កាន់តែខ្លាំងឡើងថែមទៀតដោយសារតែទង្វើរបស់លោក Jim Ratcliffe ដែលជាម្ចាស់ភាគហ៊ុនមួយចំណែកថ្មីតែមានសិទ្ធលូកដៃធ្វើរឿងគ្រប់យ៉ាងរបស់ក្លឹបមួយនេះ។
លោក Jim Ratcliffe និងក្រុម Ineos Sport របស់គាត់បានធ្វើឱ្យក្រុម Newcastle និង Southampton មានការខឹងសម្បារចំពោះការខិតជិតរបស់ពួកគេក្នុងការទាក់ទងយកនាយកកីឡាបាល់ទាត់ Dan Ashworth និង Jason Wilcox បន្ទាប់ពីបានតាមប្រមាញ់នាយកប្រតិបត្តិ Omar Berrada ពី Manchester City ។ អ្នកវិភាគបានបង្ហាញនូវការយល់ឃើញថាក្លឹបផ្សេងទៀតក៏មិនសប្បាយចិត្តចំពោះរបៀបដែលលោក Jim កំពុងតែប្រើតាមរយៈសាច់ប្រាក់និងការផ្តល់មុខងារសំខាន់ៗឲ្យបុគ្គលិកថ្មីដែលលោកត្រូវការអីចឹងដែរ។
ការប៉ុនប៉ងរបស់ Man Utd បានធ្វើឲ្យក្លិប Newcastle មានការខឹងសម្បារនិងបានធ្វើការសាកសួរនាយកកីឡាលោក Ashworth បន្ទាប់ពីលិចឮព័ត៌មានពីការផ្លាស់ទៅ Old Trafford កាលពីខែកុម្ភៈ។
រីឯក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុម Southampton កំពុងមានការរំជើបរំជួលដោយការលាលែងពីតំណែងរបស់នាយកបាល់ទាត់លោក Jason Wilcox ដែលត្រូវបានផ្តល់ជូនតំណែងជាន់ខ្ពស់នៅ United ផងដែរ។ លោក Wilcox ធ្លាប់បានធ្វើការក្រោមបញ្ជារលោក Berrada នៅ Etihad ។
United ហាក់ដូចជាមិនបានចាប់អារម្មណ៍ទៅនឹងការខឹងសម្បារក្លឹបទាំងនោះទេចំពោះការអូសទាញបុគ្គលិករបស់គេឲ្យចាកចេញ ហើយទង្វើនេះហើយដែលវានឹងបង្ករឲ្យ Man Utd កាន់តែមានសត្រូវជាគូប្រជែងច្រើនកាន់តែច្រើនទាំងនៅទីលាននិងផ្នែករដ្ឋបាល។