Wenger ព្រលះកីឡាករ PSG មួយប្រាវ
លោក Arsene Wenger បានរិះគន់កីឡាករ Paris Saint Germain ជាពិសេសគ្រាប់ទី២តែម្ដងដែលជាគ្រាប់ហ្វ្រីឃីកបណ្ដាលឲ្យចាញ់ Manchester City ១ទល់នឹង២ក្នុងជើងទីមួយ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League។
“អាគ្រាប់ទី២ហ្នឹងពិបាកទទួលយកណាស់។ Paredes និង Kimpembe ចំហរខ្លាំងពេក។ បើចំហរចឹងៗ ចាំបាច់ឲ្យមានអ្នកដេកលើដីធ្វើអី។” នេះជាការថ្លែងរបស់លោក Wenger ទៅកាន់សារព័ត៌មាន BT Sports។
PSG បាននាំមុខលើ Man City ១ទល់នឹង០ ក្នុងវគ្គទីមួយ។ ដល់នាទី៦៤ Kevin De Bruyne តាមស្មើវិញ។ នាទី៧១ Riyad Mahrez ទាត់ហ្វ្រីឃីក និងជាគ្រាប់ជ័យជម្នះ។
គ្រាប់បាល់នោះ Mahrez ទាត់ប្រហែល២៥មែ៉ត្រកាត់ចន្លោះដែល Paredes និង Kimpembe ឈរជារនាំង ធ្វើឲ្យអ្នកចាំទី Keylor Navas ភាំង។
លោក Wenger បន្ថែម “៖ក្នុងវគ្គទី២ PSG ត្រូវតែលេងការពារ មិនមែនបន្តសំរុកទេ ព្រោះលក្ខខណ្ឌកាយសម្បទាមិនអំណោយផល។ ពេលដែលគេតាមស្មើ កីឡាករ PSG ចាប់ផ្ដើមបាក់។ ពួកគេចាញ់៨ប្រកួតហើយនៅ Ligue 1។ PSG មិនដូចពីមុនដែលមិនចាញ់សោះនៅ Ligue 1 ទេ។ ទំនុកចិត្តរបស់ពួកគេថយចុះ។ ការវាយបករបស់ Man City ពិតជាខ្លាំងពេកសម្រាប់ PSG។”