RB Leipzig មានសង្ឃឹមច្រើនជាង Man Utd ក្នុងការដោះដូរយកកីឡាករ Erling Haaland
(BC-99)
ក្រុមបាល់ទាត់នៅក្នុងក្របខណ្ឌ Bunsdeliga ប្រទេសអាឡឺម៉ង់ RB Leipzig មានសង្ឃឹមច្រើនជាង Man Utd ក្នុងការដោះដូរយកកីឡាករខ្សែប្រយុទ្ធ Erling Haaland ពីក្លិប Red Bull Salzburg ក្រោយពីកីឡាកររូបនេះបានជួបជាមួយអគ្គនាយកក្លិប Leipzig។
លោក Oliver Mintzlaff អគ្គនាយកក្លិបបាល់ទាត់ Leipzig បានបញ្ជាក់ថាពិតជាបានចរចារឿងផ្ទេរ Haaland ពិតមែន ប៉ុន្តែការសម្រេចចិត្តយ៉ាងណានោះគឺវាអាស្រ័យលើអ្នកកម្លោះវ័យ ១៩ ឆ្នាំនេះតែប៉ុណ្ណោះ។ ដោយឡែកលោក Ole Gunnar Solskjaer បានសម្តែងនៅក្តីអស់សង្ឃឹមរបស់ខ្លួនក្នុងខណៈពេលដែលក្រុមបិសាចក្រហមរបស់គាត់បានចាញ់ក្រោមថ្វីជើងរបស់ក្រុមបាតតារាង ឪម៉ាល់ Watford ដោយលទ្ធផល ២-0 កាលពីយប់ថ្ងៃអាទិត្យ ហើយក៏កាន់តែធ្វើអោយលោករិតតែចង់បាន Haaland នៅដើមខែមករានេះ។
លោក Mintzlaff បានសរសេរនៅក្នុងគណនីបណ្តាញសង្គមផ្ទាល់ខ្លួនថា “ ពួកយើងអាចទិញអ្វីៗគ្រប់យ៉ាង ហើយយើងអាចទទួលបានអ្វីៗគ្រប់យ៉ាងដែរដែលពួកយើងចង់។ គេគឺជាអ្នកស៊ុតបញ្ចូលទីដ៏អស្ចារ្យមួយរូប ពិតណាស់វាជាការល្អបំផុតបើគេយល់ព្រមចូលរួមលេងជាមួយក្រុមយើង”។
គួរបញ្ជាក់ថាកាលពីប៉ុន្មានថ្ងៃមុននេះមានព័ត៌មានចុះផ្សាយយ៉ាងគគ្រឹកគគ្រេងថាអតីតកូនចៅរបស់លោក Ole រូបនេះបានធ្វើដំណើរជាមួយឪពុករបស់ខ្លួនមកកាន់ទីក្រុង Manchester ដើម្បីចរចារជាមួយក្រុមបិសាចក្រហមក្នុងការដោះដូររូបគេពីក្លិបនៅអូទ្រីស RB Salzburg តែវាក៏បានស្ងប់ស្ងាត់ទៅវិញដោយមិនមានការអះអាងថារូបគេពិតជាបានទៅដល់ក្រុង Manchester ពិតឬក៏អត់នុះទេ។