
ស៊ន សៀវម៉ី មិនអាចការពារមេដាយមាសពី Asian Games បាន
ខុសពីការរំពឹងទុក កីឡាការនីតៃក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី មិនអាចការពារមេដាយមាសព្រឹត្តិការណ៍កីឡាអាស៊ី Asian Games កាលពីលើកទី ១៧បាននោះទេ។ មិនអាចការពារបាន ក៏តែ ស៊ន សៀវម៉ី បានបរាជ័យ ក្នុងវគ្គ ១ភាគ៨ ប្រភេទទម្ងន់ ៦៧គីឡូក្រាម ដោយចាញ់កីឡាការនីនៃប្រទេសអូបេគីស្ថាន ក្នុងពិន្ទុ ៣ទល់នឹង៥ នៅព្រឹកថ្ងៃអង្គារនេះ ក្នុងការប្រកួតកីឡា Asian Games លើកទី ១៨ ដែលធ្វើឡើងក្នុងទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
បន្ទាប់ពីមិនអាចការពារមេដាយមាសបាន ស៊ន សៀវម៉ី បានសរសេរសារសុំទោសពលរដ្ឋកម្ពុជាទាំងអស់ នៅលើបណ្តាញសង្គមរបស់កញ្ញា ប៉ុន្តែទទួលបានប្រតិកម្មអាណិតអាសូរ ពីអ្នកគាំទ្រវិញ។ គួរជម្រាបជូនថា នៅព្រឹកមិញនេះ កីឡាការនីស៊ន សៀវម៉ី បានឡើងវគ្គ ១ភាគ៨ ដោយស្វ័យប្រវត្តិ បន្ទាប់ពីកីឡាការនីស្រីលង្ការដែលជាគូបដិបក្ខ បានបោះបង់ចោលការប្រកួត។ នេះបើតាមការឲ្យដឹងពីលោកវ៉ាត់ ចំរើន ប្រធានប្រតិភូដឹកនាំក្រុមអត្តពលិកកម្ពុជា ទៅចូលរួមប្រកួតកីឡាអាស៊ី លើកទី ១៨នៅប្រទេសឥណ្ឌូនេស៊ី។
សូមរម្លឹកជូនថា កីឡាការនី ស៊ន សៀវម៉ី គឺជាម្ចាស់មេដាយមាស វិញ្ញាសាតៃក្វាន់ដូ ព្រឹត្តិការណ៍កីឡាអាស៊ី កាលពីឆ្នាំ ២០១៤ ក្នុងប្រទេសកូរ៉េខាងត្បូង។ ការទទួលបានមេដាយមាសកាលណោះ បានធ្វើឲ្យកម្ពុជា បានស្គាល់រសជាតិទទួលបានមេដាយមាសលើកដំបូង ពីព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ដ៏ធំមួយនេះ៕