នីវវ៉ាំងច័ន្ទ ប្រាប់ពីមូលហេតុដែលរូបខ្លួនប្រកួតមិនបានល្អក្នុងកម្មវិធី ISI Palm
នីវវ៉ាំងច័ន្ទ គឺជាបេក្ខភាពកីឡាករគុនថៃមួយរូបក្នុងចំណោមបេក្ខភាពគុនថៃបីរូបផ្សេងទៀតដែលមកចូលរួមប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm វគ្គ២ លើប្រភេទទំងន់៦៥គីឡូក្រាម ។ មុនមកចូលរួមប្រកួតដណ្តើមពានរង្វាន់មួយនេះ នីវវ៉ាំងច័ន្ទ គឺជាកីឡាករគុនថៃមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីគួរសមដែរ ដោយមានអាវុធស្លាប់ដៃគូឲ្យបោះបង់ការប្រកួតភាគច្រើនគឺប្រើក្បាច់ជង្គង់ ប៉ុន្តែមួយរយៈកាលចុងក្រោយនេះ អ្នកប្រដាល់ដែលមានដើមកំណើតក្នុងខេត្តសុរិន្ទប្រទេសថៃ ហាក់បីដូចជាធ្លាក់វិជ្ជាគុនយ៉ាងខ្លាំង នូវពេលដែលចូលមកប្រកួតដណ្តើមពានរង្វាន់ ISI Palm ពោលគឺបីប្រកួតចាញ់ទាំងបី ក្នុងនោះប្រកួតបើកឆាកចាញ់ពិន្ទុ កីឡាករគុនខ្មែរ ឆៃ ស៉ារា ប្រកួតលើកទី២ លោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតជាមួយ ជា សំនៀង និងលោកទី៣ចាញ់ មឿន សុខហ៊ុច ដោយសន្លប់។
បន្ទាប់ពីបរាជ័យ៣ដងជាប់គ្នាដោយមិនគួរឲ្យជឿនោះ នីវវ៉ាំងច័ន្ទ បាននិយាយប្រាប់ MSR ថា មូលហេតុដែលបណ្តាលឲ្យរូបគេប្រកួតចាញ់ជាប់គ្នាបែបនេះ គឺដោយសារតែសម្រកគីឡូប្រកួតច្រើនពេក ពោលគឺសម្រកពី៧១មក៦៥ពិតជាពិបាក ម្យ៉ាងវិញទៀតធ្វើឲ្យរូបគេបាក់កម្លាំងមុនឡើងសង្វៀន ទើបរូបគេទទួលរងបរាជ័យបីដងជាប់ៗគ្នាបែបនេះ។
សូមបញ្ជាក់ថាអ្នកប្រដាល់គុនថៃដែលមកពីខេត្តសុរិន្ទរូបនេះនៅសល់ការប្រកួតមួយលើកទៀតជាមួយអ្នកប្រដាល់គុនខ្មែរ ជឹម ចិត្រា ដែលបរាជ័យ៣ដងដូចគ្នា៕