ពលរដ្ឋខ្មែរដែលគាំទ្រArsenal នាំទង់ជាតិកម្ពុជា ទៅបង្ហាញក្រុមកាំភ្លើងធំ នៅសិង្ហបុរី
អ្នកគាំទ្រក្លឹបកាំភ្លើងធំ Arsenal មួយក្រុមនៅកម្ពុជា បានធ្វើដំណើរតាមយន្តហោះ ទៅកាន់ប្រទេសសិង្ហបុរី តាំងពីថ្ងៃទី ២៥ខែកក្កដា ដើម្បីទស្សនាដោយផ្ទាល់ការប្រកួតរបស់ក្រុមកីឡាករ Arsenal ក្នុងក្របខណ្ឌ International Champions Cup ឆ្នាំ ២០១៨។ អ្នកគាំទ្រ ដែលស្រលាញ់ស្មោះស្ម័គ្រជាមួយក្រុមកាំភ្លើងធំ តាំងពីយូរយារណាស់ និងបើទោះបីជាក្រុមធ្លាក់ ឬឡើង មានប្រវត្តិចូរចត់យ៉ាងណាក៏នៅតែមិនមានចិត្តបែកបែរនោះ បានសម្តែងអារម្មណ៍រំភើបបំផុតពេលបានឃើញកីឡាករ Arsenal ដោយផ្ទាល់ភ្នែក។
លោក ជា ម៉ារ៉ូ អ្នកគាំទ្រក្លឹបបាល់ទាត់ Arsenal ម្នាក់ ក្នុងចំណោមអ្នកគាំទ្រដែលបានទៅដល់ប្រទេសសិង្ហបុរីនោះ បានឲ្យដឹងថា លោកពិតជាសប្បាយចិត្តខ្លាំងមែនទែន នៅពេលអាចទស្សនាការប្រកួតរបស់ Arsenal ផ្ទាល់ភ្នែក។ ជាការទស្សនាមួយ ដែលលោកយល់ថា បំណងចង់ឃើញ Arsenal លេងដោយផ្ទាល់តាំងពីឆ្នាំ ២០០១មក ពេលនេះ បានសម្រេចហើយ!
លោកម៉ារ៉ូ និងគ្នីគ្នារបស់លោក ដែលបានទៅប្រទេសសិង្ហបុរី ដើម្បីគ្រាន់តែទស្សនា Arsenal ប្រកួតនៅពេលនេះ បានបន្ថែមថា លោកបានត្រៀមកញ្ចប់ថវិកាប្រមាណជា ៨០០ដុល្លារ សម្រាប់ដំណើរកម្សាន្ត ពីថ្ងៃទី ២៥កក្កដា ដល់ថ្ងៃទី ២៩ខែកក្កដា ឆ្នាំ ២០១៨នេះ។ ថវិកានេះ គឺលោកត្រូវចំណាយលើសំបុត្រយន្តហោះ ការស្នាក់នៅ ការហូបចុក ការធ្វើដំណើរក្នុងប្រទេសសិង្ហបុរី និងការទិញសំបុត្រទស្សនាការប្រកួត។
នៅពេលសួរលោកថា តើការចំណាយច្រើនបែបនេះ វាសមាមាត្រទៅនឹងការបានទស្សនាដែរ ឬទេ? លោក ម៉ារ៉ូ ឆ្លើយទាំងញញឹមថា លោកមិនបានខ្វល់ច្រើននោះទេ ព្រោះនេះជាទឹកចិត្តស្រលាញ់ដោយគ្មានលក្ខខណ្ឌ ជាក្តីស្រម៉ៃមួយដែលអ្នកគាំទ្រស្ម័គ្រស្មោះ ចង់សម្រេចឲ្យបាន។
លោក ជា ម៉ារ៉ូ៖ «ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ រំភើបមែនទែន ពេលបានមើលកៀកនឹងកីឡាករ Arsenal ដែលកំពុងតែលេង។ ទោះកីឡាករខ្លះដែលខ្ញុំស្រលាញ់ខ្លាំងមិនបានចូលប្រកួត តែខ្ញុំអាចឃើញពួកគេ ហើយពិតជាទាក់ភ្នែកមែនទែន។»
លោក ម៉ារ៉ូ និងអ្នកគាំទ្រខ្មែរផ្សេងទៀត នឹងព្យាយាមស្វែងរកការចុះហត្ថលេខា និងថតរូបដោយផ្ទាល់ជាមួយកីឡាករ Arsenal ព្រោះក្តីបំណងរបស់ពួកគាត់ មិនត្រឹមតែបានមើលនោះទេ គឺត្រូវតែបានថតរូប សុំហត្ថលេខាឲ្យខានតែម្តង។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌ International Champions Cup ក្រុមកាំភ្លើងធំ Arsenal បានប្រកួតស្មើ ១ទល់១ ជាមួយ Altetico Madrid នៅកីឡដ្ឋានជាតិរបស់សិង្ហបុរី (Singapore National Stadium)។ ហើយនៅថ្ងៃទី ២៨កក្កដា Arsenal នឹងត្រូវប្រកួតជាមួយក្រុម Paris Saint-Germain៕