
រូបភាព Ronaldo ប្រកាសផ្ទេរមក Juventus បំបែកកំណត់ត្រា Like ក្នុងប្រវត្តិសាស្រ្ត Instagram
ក្រុមសេះបង្កង់ Juventus បានធ្វើពិធីបង្ហាញខ្លួនខ្សែប្រយុទ្ធ Cristiano Ronaldo ដែលជាសមាជិកថ្មីរបស់ពួកគេជាផ្លូវការកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨ នាកីឡដ្ឋាន Allianz បានបំពេញការផ្ទេរយកខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំពី Real Madrid ក្នុងតម្លៃ១១២លានអឺរ៉ូកាលពីថ្ងៃអង្គារទី១០ខែកក្កដា។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រូបដែលគេបញ្ជាក់ថាបានផ្ទេរជាផ្លូវការបានក្លាយជារូបមានអ្នក Like ច្រើនជាងគេទី៤ក្នុងប្រវត្តិសាស្រ្តបណ្ដាញសង្គម Instagram ដោយ Ronaldo ពាក់អាវ Juventus ដោយមានអ្នក Like ចំនួន១១,៥លាននាក់។
គួររំលឹកថា អតីតសមាជិក Sporting Lisbon និង Manchester United ខាងលើត្រូវបានគេរាយការណ៍មកថានឹងទទួលបានថ្លៃនឿយហត់៥សែនផោនក្នុងមួយសប្ដាហ៍អំឡុងកិច្ចសន្យា៤ឆ្នាំនៅ Juventus។
ដោយឡែក រូបរបស់តារាចម្រៀង Justin Bieber ប្រកាសភ្ជាប់ពាក្យជាមួយ Hailey Baldwin នៅចំណាត់ថ្នាក់ទី៣ដោយមានអ្នក Like ១២,៧លាន។ លេង២បានទៅរូបរបស់ Kylie Jenner ពរកូនមាន១៣លាន Like ខណៈលេង១ក៏បានទៅលើតារាម៉ូដែលអាមេរិកវ័យក្មេងរូបនេះដែរគឺមានចំនួន Like ១៧,៩លាន៕