Z.Ibrahimovic សន្យាពាក់អាវជម្រើសជាតិអង់គ្លេសទៅមើលបាល់នៅ Wembley បន្ទាប់ពីភ្នាល់ចាញ់ D.Beckham
Zlatan Ibrahimovic ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BBC Sport កាលពីម្សិលមិញ បានអះអាងថា ខ្លួនបានត្រៀមខ្លួនរួចហើយ ដើម្បីទៅទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិអង់គ្លេស នៅកីឡដ្ឋាន Wembley ព្រមទាំងពាក់អាវអង់គ្លេស ហើយញុំាត្រី និងរបស់ចៀនៗ ពេលម៉ោងសម្រាកនៃការប្រកួត។ ការបញ្ជាក់របស់ Zlatan នេះបានធ្វើឡើងបន្ទាប់ពីបានភ្នាល់ចាញ់អតីតមិត្តរួមក្រុម David Beckham ចំពោះលទ្ធផលប្រកួតរវាងអង់គ្លេស និងស៊ុយអែត ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក World Cup 2018។
អានអត្ថបទចាស់ពីការភ្នាល់គ្នារវាង David Beckham និង Zlatan Ibrahimovic៖ https://goo.gl/vpDedn
កីឡាករសញ្ជាតិស៊ុយអែត វ័យ ៣៦ឆ្នាំ ដែលកំពុងលេងឲ្យក្លឹប LA Galaxy របស់អាមេរិក បាននិយាយថា៖ «David! យើងបានធ្វើការភ្នាល់គ្នា ហើយខ្ញុំបានចាញ់។ ខ្ញុំ នឹងទៅមើលការប្រកួតរបស់អង់គ្លេស នៅកីឡដ្ឋាន Wembley ដោយពាក់អាវជម្រើសជាតិអង់គ្លេស ហើយញុំាត្រី និងរបស់ចៀន (eat fish and chips)។»
Zlatan ដែលជាមិត្តរួមក្រុមរបស់ Beckham កាលនៅ PSG បានបន្ត៖ «ទុកពេលឲ្យខ្ញុំដកដង្ហើម និងសម្រួលអារម្មណ៍បន្តិច បន្ទាប់ពីការចាញ់នេះ។ ប៉ុន្តែខ្ញុំមិនអីទេ ខ្ញុំរង់ចាំទៅមើលការប្រកួតនោះ។»
សូមរម្លឹកជូនថា ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានប្រកួតឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត ២ទល់នឹង០ នៅក្នុងវគ្គ ៨ក្រុមចុងក្រោយ ហើយបន្តឡើងទៅកាន់វគ្គ ៤ក្រុមចុងក្រោយ និងទទួលបានចំណាត់ថ្នាក់លេខ ៤ ពីព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ី៕