ម្តាយ Cristiano Ronaldo ចង់ឃើញកូនទៅលេងនៅ Man Utd វិញ
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង កាលពីពេលថ្មីៗនេះ លោកស្រី Dolores Aveiro ដែលជាម្តាយរបស់កីឡាករខ្សែប្រយុទ្ធប័រទុយហ្កាល់ Cristiano Ronaldo បានបញ្ចេញអារម្មណ៍ថា គាត់ចង់ឲ្យកូនប្រុសរបស់គាត់ Ronaldo ទៅលេងនៅក្លឹប Man Utd វិញ។
ឆ្លើយតបនឹងសំណួរពីលទ្ធភាពរបស់ Ronaldo នៅក្លឹបយក្សបារាំង Paris Saint Germain លោកស្រី Aveiro បានលើកឡើងថា៖ «ខ្ញុំចូលចិត្តទីក្រុងប៉ារីស ខ្ញុំមកទីនេះម្តងហើយម្តងទៀត ហើយចុងក្រោយដែលខ្ញុំមក គឺនៅពេលដែលកូនប្រុសខ្ញុំទទួលពានរង្វាន់ Ballon d’Or។ ខ្ញុំពិតជាមានកិត្តិយសណាស់ ពេលមកដល់ទីនេះ ខ្ញុំត្រូវបានទទួលរាក់ទាក់ពីគ្រប់គ្នា។ ប៉ុន្តែនិយាយពីរឿងបញ្ចុះបញ្ចូល Ronaldo ឲ្យចុះហត្ថលេខាជាមួយ PSG និយាយស្មោះត្រង់ទៅ គឺវាពិតជារំខានខ្ញុំមែនទែន ព្រោះខ្ញុំចង់ឲ្យកូនខ្ញុំត្រលប់ទៅលេងនៅ Manchester United ជាង»។
គួរជម្រាបជូនថា Ronaldo នៅកំពុងស្ថិតក្នុងមន្ទិលសង្ស័យ បន្ទាប់ពីគេបាននិយាយថា គេនឹងផ្តល់ចម្លើយទៅកាន់អ្នកគាំទ្រពីអនាគតជាមួយ Real Madrid នៅប៉ុន្មានថ្ងៃទៀត បន្ទាប់ពីបានទទួលជ័យជម្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្រុមបាល់ទាត់អឺរុប Champions League កាលពីចុងសប្តាហ៍មុន។ គួររម្លឹកជូនដែរថា ពេលដែល Ronaldo នៅរួមរស់ជាមួយ Man Utd គេបានជួយឲ្យក្រុមឈ្នះពានរង្វាន់ Premier League ដល់ទៅ ៣ដង និង Champions League ១ដង។ ហើយក្រោយមកគាត់ត្រូវផ្លាស់ពី Old Trafford ទៅកីឡដ្ឋាន Bernabeu ក្នុងតំលៃខ្លួនថ្លៃបំផុត ៨០លានអឺរូ កាលពីឆ្នាំ ២០០៩។
យើងមិនអាចប៉ាន់ស្មានការសម្រេចចិត្តរបស់ Ronaldo បានទេ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ មានក្លឹបតិចតួចប៉ុណ្ណោះ ដែលអាចមានកញ្ចប់ហិរញ្ញវត្ថុគ្រប់គ្រាន់ ក្នុងការនាំយក Ronaldo ទៅចូលរួមជាមួយខ្លួនបាន ហើយក្នុងនោះមានតួយ៉ាងដូចជា PSG និង Man Utd។ នេះបើតាមការឲ្យដឹងពី Daily Post៕