សារព័ត៌មានអេស្ប៉ាញមួយគិតថា Real នឹងពិបាករកអ្នកជំនួស Ramos
ការស្វែងរកអ្នកជំនួស Sergio Ramos ពិតជារឿងដ៏ស្មុគស្មាញ និងពិបាកដែលអាចធ្វើឲ្យ Real Madrid ជួបបញ្ហាដូចករណីអតីតខ្សែការពារ Fernando Hierro។ នេះបើតាមការចុះផ្សាយពី Marca។
កិច្ចសន្យារបស់ Ramos នឹងអស់សុពលភាពក្នុងខែមិថុនា ឆ្នាំ២០២១ ហើយខ្សែការពារជម្រើសជាតិអេស្ប៉ាញរូបនេះបានបដិសេធចំពោះកុងត្រាថ្មី។
សារព័ត៌មាន Marca លើកឡើងថា Real Madrid អាចនឹងបង្កើតកំហុសដូចកាល Hierro អំឡុងឆ្នាំ២០០២ ដែលពេលនោះលោក Florentino Perez ក៏ជាប្រធានក្លិបដែរ។
ក្រោយមកក្រុមអធិរាជសពិតជាពិបាករកអ្នកជំនួស ដោយបានដាក់កីឡាករមកពីថ្នាលយុវជនដូចជា Francisco Pavo, Alvaro Mejia រួមទាំងខ្សែការពារថ្លៃៗដូចជា Walter Samuel ឬ Jonathan Woodgate ជាដើម តែនៅមិនអាចជំនួស Hierro បាន។
Ramos បានចូលរួមជាមួយ Real Madrid ឆ្នាំ២០០៥ពី Sevilla ក្នុងតម្លៃ៣០លានអឺរ៉ូ តែកាលណោះលេងជាខ្សែការពារស្ដាំ។ វិបត្តិខ្សែការពារត្រូវបានបញ្ចប់វិញពេល Real ទិញ Pepe ពី Porto តម្លៃ៣០លានអឺរ៉ូ ឆ្នាំ២០០៧ ហើយគេក៏ចាប់ដៃគូការពារកណ្ដាលជាមួយ Fabio Cannavaro ហើយឈ្នះ La Liga រដូវកាល២០០៧/២០០៨៕