អង្គការ NATO ត្រៀមផ្តល់ជំនួយផ្នែកសុវត្ថិភាពដល់ម្ចាស់ផ្ទះកាតារក្នុងព្រឹត្តិការណ៍ FIFA World Cup 2022
អង្គការ NATO ត្រៀមផ្តល់ការគាំទ្រផ្នែកសន្តិសុខសុវត្ថិភាពដល់ប្រទេសកាតា អំឡុងពេលដែលប្រទេសនេះ ត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022។
សម្ព័ន្ធមិត្តណាតូ បានបញ្ជាក់ថា ការគាំទ្រនឹងរួមបញ្ចូលការបណ្តុះបណ្តាលប្រឆាំងនឹងការគំរាមកំហែង ដែលបង្កឡើងដោយសម្ភារៈគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ។ ប្រទេសរូម៉ានីនឹងផ្តល់ការបណ្តុះបណ្តាលសម្រាប់ការការពារបុគ្គលសំខាន់ និងសម្រាប់ការប្រឆាំងនឹងការគំរាមកំហែងដែលបង្កឡើងដោយឧបករណ៍បំផ្ទុះ ផលិតដោយសកម្មភាពយោធាធម្មតា ។
ចំណែកឯប្រទេសតួកគីផ្តល់ជំនួយសន្តិសុខ សម្រាប់ការប្រកួត World Cup 2022 រួចរាល់ហើយដោយនឹងបញ្ជូនមន្ត្រីសន្តិសុខចំនួន៣,២៥០នាក់ ព្រមទាំងបានបណ្តុះបណ្តាលបុគ្គលិករបស់កាតាផងដែរ មុនពេលការប្រកួតជាប្រវត្តិសាស្ត្រ នឹងចាប់ផ្តើមពីថ្ងៃទី២១ វិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។
លោក Süleyman Soylu រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី បានបញ្ជាក់ថា ប្រទេសរបស់លោកនឹងបញ្ជូនប៉ូលីសកុបកម្មចំនួន ៣,០០០នាក់ និងបុគ្គលិកផ្សេងទៀត សម្រាប់ដាក់ពង្រាយ អំឡុងពេលការប្រកួត FIFA World Cup 2022។ ក្នុងនោះក៏មានអង្គភាពកងកម្លាំងពិសេស ចំនួន ១០០នាក់ សុនខហិតគ្រាប់បែក ៥០ក្បាល ព្រមទាំងអ្នកជំនាញគ្រាប់បែកចំនួន ៥០នាក់ផងដែរ៕
អត្ថបទ៖ F11