ណង សាវ ពាក់ខ្សែកស័ក្តិសិទ្ធដំបូងឈ្នះលុយលានតែម្តង
នេះគឺជាលើកដំបូងហើយដែលអ្នកប្រដាល់គុនខ្មែរ ណង សាវ ក្នុងនាមជាកីឡាករនរាយតេជៈបានពាក់ខ្សែកស័ក្តិសិទ្ធរបស់ ឡុង សុវណ្ណឌឿន ស្របពេលដែលប្រកួតឈ្នះលុយលានម៉ារ៉ាតុងនៅសង្វៀនថោន។
បើយោងតាមការឲ្យដឹងពី ឡុង សុវណ្ណឌឿន ដែលជាម្ចាស់ក្លិបនរាយតេជៈគុនខ្មែរបានប្រាប់ MSR SPORT ថាៈ មួយរយៈនេះសិស្សនៅក្លិបមានបញ្ហាមិនចេះចប់ របួសនេះ របួសនោះ កីឡាករមើលទៅគ្មានអារម្មណ៍ប្រកួតក្នុងខ្លួនពេលឡើងសង្វៀនម្តងៗ ដូច្នេះរូបលោកក៏សម្រេចចិត្តយកខ្សែករដែលលោកគោរពបូជាយកទៅឲ្យ ណង សាវ ពាក់គុនគ្រូជាលើកដំបូង ដែលកន្លងមកមិនដែលឲ្យកូនសិស្សណាពាក់ សូម្បីតែប្អូនបង្កើត ទេព ឧត្តម។ ឡុង សុវណ្ណឌឿន បន្ថែមទៀតថា សម្រាប់ខ្សែកនេះរូបលោកទទួលបានពីអ្នកមាននិស្ស័យជាមួយលោកជាច្រើននាក់ ដែលរាប់អានស្រលាញ់គ្នា ហើយលោកក៏យកវត្ថុគោរពបូជាទាំងនេះមកធ្វើជាខ្សែកតែម្តង។
សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ ណង សាវ ប្រកួតម៉ារ៉ាតុងដណ្តើមបានប្រាក់ចំនួន២លាន៤សែនរៀល ក្រោយជុំទី១វ៉ៃ ពុទ្ធ ម៉ាណូយ សន្លប់ទឹកទី១ ហើយក៏បន្តទៅជួប ហេង សុភ័ក្រ ដណ្តើមបានលុយលាន ដោយឈ្នះពិន្ទុ៕