យ៉ាងហោច២៦នាក់របួសក្នុងហិង្សាអំឡុងការប្រកួតបាល់ទាត់នៅម៉ិកស៊ីកូ
ហោចណាស់មនុស្ស២៦នាក់បានរងរបួសអំឡុងហិង្សាមួយដែលផ្ទុះឡើងក្នុងការប្រកួតលីគកំពូលម៉ិកស៊ីកូនៅថ្ងៃសៅរ៍ ទី០៥ ខែមីនារវាងក្លិប Queretaro និង Atlas ដែលត្រូវផ្អាកដល់ទៅ៦៣នាទី។
អំពើហិង្សានេះបានផ្ទុះឡើងរវាងអ្នកគាំទ្រក្រុមទាំង២ដែលមានទាំងការវាយតប់ និងការគប់គ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះ អ្នកខ្លះក៏មានអាវុធថែមទៀត។
កីឡាករខ្លះបានព្យាយាមចូលទៅឃាត់ឃាំងដែរ មុនចូលកន្លែងផ្លាស់ប្ដូរសម្លៀកបំពាក់។
ក្នុងចំណោមអ្នករបួសជាច្រើននាក់ មាន៣នាក់របួសធ្ងន់ជាងគេ ខណៈ២៦នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សារព័ត៌មាន BBC បានស្រង់ព័ត៌មានពីអាជ្ញាធរថា គ្មានអ្នកស្លាប់ទេ។ ផ្ទុយទៅវិញ បើតាម Bleacher Reports មានអ្នកស្លាប់១៧នាក់៕