West Ham ផ្ដល់បរាជ័យលើកដំបូងដល់ Liverpool
West Ham United បានយកឈ្នះ Liverpool ៣ទល់នឹង២ ឡើងទៅកាន់ចំណាត់ថ្នាក់លេខ៣ នៅ Premier League និងជាបរាជ័យលើកដំបូងរបស់ហង្សក្រហមក្នុងលីគកំពូលអង់គ្លេសរដូវកាលនេះ។
Liverpool ឈានមកដល់ក្នុងការប្រកួតនេះជាមួយនឹងកំណត់ត្រាមិនចាញ់សោះ២៦ប្រកួត ហើយប្រសិនបើឈ្នះនឹងឡើងទៅលេខ២ក្រោយ Chelsea តែមួយពិន្ទុ។ ផ្ទុយទៅវិញ ពួកគេបានរអិលទៅលេខ៤។
ក្រុមញញួរធំបើកការនាំមុខមុនក្នុងនាទីទី៤ បន្ទាប់ពី Pablo Fornals លើបាល់ជ្រុងទៅប៉ះដៃអ្នកចាំទី Alisson Becker ចូលទីខ្លួនឯង។
នាទី៤១ Trent Alexander Arnold បានទាត់ហ្វ្រីឃីកចូលទីតាមស្មើវិញ។ យ៉ាងណា Fornals បានទាត់បញ្ចូលទីឲ្យក្រុមលោក David Moyes នាំមុខជាថ្មីក្នុងនាទី៦៧ ហើយនាទី៧៤ ខ្សែការពារ Kurt Zouma តែតគ្រាប់ទី៣បានសម្រេច។
Divock Origi ទាត់បានមួយគ្រាប់វិញក្នុងនាទី៨៣ ប៉ុន្តែលទ្ធផល៣ទល់នឹង២នេះបានបន្តរហូតដល់ចប់ការប្រកួតផ្លូវការ។
ដូច្នេះ West Ham មាន២៣ពិន្ទុស្មើក្រុមលេខ២ Manchester City និងនៅក្រោមក្រុមកំពូលតារាង Chelsea ៣ពិន្ទុ៕