
Cavani ជាអ្នកនៅពីក្រោយជ័យជម្នះរបស់ Man Utd លើអតីតក្លិបចាស់ PSG
(BC-99)
តាំងពីមុនការប្រកួត Champions League រវាង Manchester United និង PSG ចូលមកដល់ប៉ុន្មានថ្ងៃមកម៉្លេះដែលគេបានសង្កេតឃើញថា Edinson Cavani បានព្យាយាមផ្តល់ដំបូន្មានដល់ Axel Tuanzebe ។
ដោយបានដកស្រង់ពីសារព័ត៌មាន The Mirror កាលពីប៉ុន្មានម៉ោងមុននេះបានឱ្យដឹងថាដំណើរការនៃការលេងបានយ៉ាងល្អ របស់ Tuanzebe ក្នុងការរត់បិទកីឡាករ Paris Saint-Germain Kylian Mbappe មិនឱ្យធ្វើអ្វីកើតនៅ Parc Des Princes គឺជាការផ្តល់គំនិតដោយកីឡាករចំណូលថ្មី Cavani ដែលមានបទពិសោធន៍លេងនៅ PSG អស់រយៈពេលជាយូរមកហើយ ហើយទីបំផុតទៅក្រុមបិសាចក្រហមក៏អាចទទួលជ័យជម្នះល់ើក្រុមចាស់ដោយលទ្ធផល ២-១ ។
ខ្សែការពារកណ្តាលវ័យក្មេងរូបនេះបានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលនិងបានឃើញការបញ្ចេញសមត្ថភាពល្អគ្រប់គ្រាន់ក្នុងការការពារតំបន់គ្រោះថ្នាក់បានយ៉ាងរឹងមាំ។
សារព័ត៌មានខាងលើបានបង្ហាញថាពួកគេបានតាមអង្កេតតួនាទីជាខ្សែប្រយុទ្ធថ្មីរបស់ Cavani ហើយក៏ប្រទះឃើញថាកីឡាករអ៊ុយរូហ្គាយរូបនេះបានចំណាយពេលយ៉ាងយូរពិភាក្សាជាមួយ Tuanzebe ថ្វីត្បិតតែគេមិនបានឮថាអ្នកទាំងពីរបាននិយាយអំពីអ្វីតែច្បាស់ណាស់គឺ Cavani ប្រាកដជាពន្យល់នូវគុណសម្បត្តិរបស់អតីតមិត្តរួមក្រុម Mbappe និងវិធីទប់ស្កាត់កីឡាករបារាំងនេះជាក់ជាពុំខាន។
ព័ត៌មានលម្អិតរបស់ The Mirror ដដែលក៏បានលើកឡើងដែរថា Cavani និង Tuanzebe បាននិយាយគ្នាជាច្រើននាទីទៀតនាអឡុងពេលឈប់សម្រាក រីឯកីឡាករក្នុងក្រុមបិសាចក្រហមសុទ្ធតែបានស្តាប់តាមការណែនាំរបស់ Edinson Cavani ផងដែរ។
ថ្វីត្បិតតែពួកគេរកបាន៣ពិន្ទុនៅ Champions League តែបកមកកាន់ Premier League វិញ Man Utd ក៏នឹងត្រូវប្រកួតជាមួយក្រុមតោខៀវ Chelsea នៅសប្តាហ៍ក្រោយមុនពេលពួកគេបន្តដំណើរលេង Champions League ជាថ្មីជាមួយ RB Leipzig នៅថ្ងៃទី២៩ តុលា និងជួបជាមួយ Arsenal នៅ Premier League នាថ្ងៃ ទី១ វិច្ឆិការ ខណៈដែលការប្រកួតធំៗទាំង៣នេះសុទ្ធតែធ្វើឡើងនៅ Old Trafford ហើយក៏ជាហ្គេមដ៏ពិបាកៗសម្រាប់ក្រុមលោក Ole ដែរ។