កីឡាករក្រុមធំ Barcelona ជំទាស់ផែនការកាត់ប្រាក់ខែ
ប្រធានក្លិប FC Barcelona លោក Josep Maria Bartomeu នាពេលថ្មីៗនេះបានផ្ដួចផ្ដើមពីផែនការកាត់បន្ថយប្រាក់ឈ្នួលកីឡាករ និងបុគ្គលិកចំនួន៣០ភាគរយ ដែលត្រូវបានថ្នាក់ដឹកនាំខាងលើបញ្ជាក់ថា ជាការរួមចំណែកសន្សំសំចៃសម្រាប់ក្លិប។
ផ្ទុយទៅវិញ កីឡាករជាច្រើននៅក្រុមធំបានបង្ហាញការមិនពេញចិត្តចំពោះការផ្ដួចផ្ដើមនេះ ដោយជំទាស់ត្រង់ៗតែម្ដង។ យោងតាម Marca ការចរចានឹងបញ្ចប់នៅថ្ងៃទី២២ ខែតុលា តែក៏អាចអូសបន្លាយដល់ថ្ងៃទី០៥ ខែវិច្ឆិកា ដែរ។ យ៉ាងណា វាត្រូវបានកីឡាករប្រឆាំងទៅហើយ។
ក្នុងករណីមិនបានសម្រេច ថ្នាក់ដឹកនាំនឹងមិនស្ទាក់ស្ទើរក្នុងការណែនាំវិធានការកាត់បន្ថយប្រាក់ឈ្នួលជាឯកតោភាគីទេ។
ការព្រួយបារម្ភអំពីថវិកានៅតែមាននាកីឡដ្ឋាន Camp Nou ទោះបីជាលោក Bartomeu និងរដ្ឋបាលរបស់លោកបានកាត់បន្ថយចំណាយប្រតិបត្តិការ១៩ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩៊/២០២០។ វាមិនគួរឲ្យភ្ញាក់ផ្អើលទេពេលពិចារណាពីកម្រិតនៃការចំណាយរបស់ក្លិបនេះ។
ក្រុមរហស្សនាមអ្នកមានបុណ្យបានខាតបង់៩៧លានអឺរ៉ូដោយសារផលវិបាកផ្ទាល់នៃជំងឺកូវីដ១៩ ហើយពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការកាត់បន្ថយការចំណាយលើប្រាក់ខែកីឡាករ៕