ធ្លាយរឿង Sir Alex Ferguson ជួយរក្សាការងារឱ្យ Ole Gunnar Solskjaer បន្តនៅ Manchester United
Manchester United ត្រូវបានគេរាយការណ៍មកថា នឹងបញ្ចប់តំណែងរបស់គ្រូបង្វឹក Ole Gunnar Solskjaer មុនការប្រកួតជាមួយ Tottenham Hotspurs នៅសប្តាហ៍នេះ ក្រោយពេលកៅអីរបស់បុរសជនជាតិន័រវេសនៅទឹកដី Old Trafford កំពុងឡើងកំដៅយ៉ាងខ្លាំង ក្រោយពីក្រុមបិសាចក្រហមបានបរាជ័យក្រោមថ្វីជើង Liverpool ៥ទល់នឹង០ កាលពីថ្ងៃអាទិត្យ។
យ៉ាងណាក្តីអ្វីៗត្រូវបានបន្ថយកំដៅចុះវិញបន្តិច ក្រោយពេលកិច្ចប្រជុំថ្នាក់ដឹកនាំធំៗរបស់ក្លឹបបានបញ្ចប់កាលពីម្សិលមិញ ដោយអ្វីៗបានសម្រេចមកហើយថា Ole Gunnar Solskjaer នៅតែដឹកនាំក្រុមជាបន្តទៀត។
ដោយឡែកសារព័ត៌មាននៅអង់គ្លេស ក៏ដូចជាប្រភពជិតស្និតពី Man United បានចុះផ្សាយថា Sir Alex Ferguson គឺជាអ្នកតើតួយ៉ាងសំខាន់នៅក្នុងកិច្ចប្រជុំរបស់ក្លឹប ដោយបុរសជនជាតិស្កុតឡែនបានស្នើសុំថ្នាក់ដឹកនាំរបស់ផ្តល់ការទុកចិត្តដល់ Ole ជាបន្ត ហើយថែមទាំងបានទៅលើកទឹកចិត្តដល់សមាជិកក្រុមបិសាចក្រហមទាំងអស់នៅទីលានហ្វឹកហាត់ថែមទៀតផងដែរ។
គួរឱ្យដឹងថា ថ្នាក់ដឹកនាំ Manchester United បានសម្រេចផ្តល់ការទុកចិត្តឱ្យគ្រូបង្វឹក Ole Gunnar Solskajer ចំនួន៣ប្រកួតទៀតសម្រាប់រក្សាតំណែងរបស់ខ្លួនជាបន្ត ខណៈបើសិនជាមិនទទួលលទ្ធផលល្អទេ បេក្ខភាពចំនួន២រូបដែលគេព្យាករណ៍ថាអាចនឹងមកកាន់ការងារថ្មីនៅ Manchester United ក្នុងពេលឆាប់ៗខាងមុខនេះគឺលោក Antonio Conte ឬក៏លោក Zinedine Zidane តែម្តង។