Zinedine Zidane ឆ្លើយតបរឿង Cristiano Ronaldo ចង់ត្រឡប់មកកាន់ Real Madrid វិញ
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថាអាចនឹងសម្រេចចែកផ្លូវគ្នាជាមួយ Juventus នៅដំណាច់រដូវកាលនេះ បន្ទាប់ពីមិនអាចជួយឱ្យក្រុមរហស្សនាមសេះបង្កង់យកឈ្នះ Porto ដើម្បីឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាននៅពានរង្វាន់ UEFA Champions League នារដូវកាលនេះ។
ប្រភពសារព័ត៌មានជាច្រើនបានចុះផ្សាយថា ភ្នាក់ងារ Jorge Mendes បានធ្វើការទាក់ទងជាមួយប្រធានក្លឹប Florentino Perez ដើម្បីសិក្សាពីលទ្ធភាពក្នុងការវិញត្រឡប់របស់ CR7 ដើម្បីមកកាន់ Real Madrid សារជាថ្មីម្តងទៀត។
យ៉ាងណាក្តី នៅក្នុងសន្និសិទកាសែតគ្រូបង្វឹក Zinedine Zidane បានធ្វើការឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមនេះផងដែរថា៖ “ជាការពិតដែលមិនអាចប្រកែកបាន Ronaldo គឺជាកីឡាករដ៏អស្ចារ្យ ព្រោះគេបានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តជាច្រើននៅទីនេះ។ សម្រាប់រឿងរ៉ាវដែលសារព័ត៌មានជាច្រើនបានចុះផ្សាយថាគេនឹងត្រឡប់មកវិញនោះគឺ ខ្ញុំមិនអាចនិយាយអ្វីបានឡើយ ព្រោះឥឡូវនេះគេគឺជាកីឡាកររបស់ Juventus ហើយខ្ញុំត្រូវគោរពគេ នឹងគោរពក្លឹបរបស់គេផងដែរ។”
គួររំលឹកថា ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យបានសម្រេចការផ្លាស់ចេញពីទឹកដី Santiago Bernabeu មកកាន់ប្រទេសអ៉ីតាលីនៅឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន១០៥លានអឺរ៉ូ ក្រោយពីជួយឱ្យ Real Madrid ឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបលើកទី១៣ជាមួយគ្រូបង្វឹក Zinedine Zidane រួច។
ក្រោយចាកចេញពីទឹកដី Old Trafford មកកាន់ទឹកដីអេស្ប៉ាញកាលពីឆ្នាំ២០០៩ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក៨០លានផោន ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ រកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន ៤៥១ គ្រាប់ ដោយឈ្នះពានរង្វាន់ UEFA Champions League ៤ដង, La Liga ៣ដង និងពានរង្វាន់ជាច្រើនទៀតផងដែរ៕