Rio Ferdinand សម្តែងការមិនពេញចិត្តចំពោះ Messi ដែលបានដេកធ្វើជារបាំងការពារ
(BC-99)
Rio Ferdinand បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែល Lionel Messi បានដេកនៅលើស្មៅធ្វើជារនាំងការពាររបស់ Paris Saint-Germain ពីបាល់ហ្វ្រីឃីករបស់ Man City នាអឡូងពេលប្រកួត UEFA Champions League កាលពីរាត្រីថ្ងៃអង្គារកន្លងមកនេះ។
អតីតខ្សែការពាររបស់បិសាចក្រហម Manchester United Rio Ferdinand បានអបអរចំពោះ Messi ដែលបានរកគ្រាប់បាល់ដំបូងរបស់គេសម្រាប់ក្លឹប។ តែទន្ទឹមនឹងការកោតសរសើរនេះ Rio ក៏បានសម្តែងនូវការមិនពេញចិត្តនៅពេលដែល Messi បានដេកនៅពីក្រោយរនាំងការពាររបស់ក្រុម PSG ដើម្បីការពារកុំឱ្យ Man City រកគ្រាប់បាល់បានវិញ។
បុរសដែលបានជួយឱ្យក្រុម បិសាចក្រហមឈ្នះ ពាន Premier League ៦សម័យនិង UCL មួយសម័យបាននិយាយតាមរយៈកម្មវិធីទូរទស្សន៍ថា៖ “ វាជាការពិតណាស់ដែលលោក Mauricio Pochettino មិនបានបង្ហាត់ឱ្យ Messi ធ្វើបែបនេះទេ។ Messi មិនគួរដេកធ្វើរនាំងបែបនេះឡើយ វាមិនមែនជាអ្វីដែល Messi គួរតែធ្វើនោះទេ” ។
គួរបញ្ជាក់ថា PSG បានប្រកួតឈ្នះការប្រកួតលើកទី២របស់ខ្លួនលើក្រុមភ្ញៀវ Manchester City ដោយលទ្ធផល ២-០ ដែលជាការស៊ុតបញ្ចូលទីដោយ Gueye នៅនាទីទី៨និង Messi នៅនាទីទី៧៤។ ក្រោយពីបាន៣ពិន្ទុបន្ថែម PSG កំពុងតែឈរនៅលំដាប់ថ្នាក់លេខ១ពូល A ដែលមាន៤ពិន្ទុស្មើក្រុមលេខ២ Club Brugge រីឯ Manchester City នៅចំណាត់ថ្នាក់លេខ៣មាន៣ពិន្ទុនិងក្រុម RB Leipzig ឋិតនៅបាតតារាងពុំទាន់មានពិន្ទុរាប់នៅឡើយទេ។