កីឡាករអង់គ្លេសមិនអាចអបអរដោយឱបមនុស្សជាទីស្រលាញ់នៅក្រៅទីលាន
ក្រុមកីឡាករ និងក្រុមការងារបាល់ទាត់ជម្រើសជាតិអង់គ្លេសត្រូវបានតម្រូវឲ្យគោរពតាមវិធានការការពារជំងឺកូវីដ១៩ ពេលវិលទៅកីឡដ្ឋាន Wembley សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Euro 2020។
បើតាមសារព័ត៌មាន Telegram ទោះអាចឈ្នះ ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ក៏ពួកគេមិនត្រូវអបអរ ដោយរត់ទៅឱបមនុស្សជាទីស្រលាញ់នៅក្រៅទីលាននៅកន្លែងអ្នកទស្សនា។
តាមពិតច្បាប់នេះត្រូវបានគេបញ្ជាក់ច្រើនដងមកហើយ ជាពិសេសក្រោយអ៊ីតាលីឈ្នះបែលហ្ស៊ិកកាលវគ្គ៨ក្រុមចុងក្រោយ។
កីឡាករអង់គ្លេស គឺ Mason Mount និង Ben Chilwell បានភ្លាត់ស្នៀត ដោយទៅនិយាយជាមួយ Billy Gilmour ដែលមានវិជ្ជមានកូវីដ១៩ ហើយអ្នកទាំង២បានធ្វើចត្តាឡីស័ក១០ថ្ងៃ។ យ៉ាងណា អវត្តមានរបស់ Mount និង Chilwell មិនប៉ះពាល់ដល់គុណផលរបស់អង់គ្លេសទេ។
ដោយឡែក ពេលឈ្នះអាល្លឺម៉ង់ទល់២នឹង០ Raheem Sterling បានរត់ទៅកន្លែងអ្នកទស្សនា ដោយឱបកូនប្រុសរបស់គេ Thiago ក្នុងចំណោមអ្នកទស្សនាឯទៀត ហើយក្រុមការងារស្តាតបានចូលទៅបញ្ឈប់។
អង់គ្លេសអាចនឹងលេង២ប្រកួតនៅ Wembley ប្រសិនបើពួកគេឈ្នះដាណឺម៉ាកក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយឡើងទៅវគ្គផ្ដាច់ព្រ័ត្រ៕