កីឡាករព្រៃវែង៤រូបជាប់ជម្រើសជាតិកម្ពុជាជម្រុះ World Cup 2022 នៅបារ៉ែន
ឡេង ណូរ៉ា, ស រតនា, ញឹម លីហួរ និងវុធ តុលា ត្រូវបានកោះហៅចូលបញ្ជីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រៀមជម្រុះ FIFA World Cup 2022 ជុំទី២ ប្រចាំពូល C ដែលនៅសល់ ក្រោយខកខានតាំងពីចុងឆ្នាំ២០១៩ ដោយសារជំងឺកូវីដ១៩។
អ្នកទាំង៤សុទ្ធតែមានប្រភពពីមកពីក្លិបព្រៃវែងដូចៗគ្នា។ ទោះសុទ្ធតែជាកីឡាករវ័យក្មេង ប៉ុន្តែពួកគេបានរួមចំណែកច្រើនសម្រាប់ក្រុមព្រៃវែង ដោយជួយក្រុមនេះឈ្នះជើងឯកសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត, បានលេខ៣ ថ្នាក់ជាតិ និងជើងឯក Cambodian League 2 កាលឆ្នាំ២០២០ ហើយឡើងទៅក្របខណ្ឌកំពូលឆ្នាំនេះ។ អ្នកទាំង៤ក៏ធ្លាប់ជាប់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំដែរ។
គួរដឹងដែរថា ការប្រកួតជម្រុះ FIFA World Cup 2022 លើកនេះ មានតែមួយប្រទេសតាមពូលនីមួយទេដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះដើម្បីទប់ស្កាត់កូវីដ១៩។ សម្រាប់ពូល C នឹងធ្វើឡើងនៅបារ៉ែន។
កម្ពុជាដែលស្ថិតនៅលេខ៥ប្រចាំពូល C និងមានតែមួយពិន្ទុពីការប្រកួត៥លើកមកនោះ នឹងត្រូវប៉ះបារ៉ែនថ្ងៃទី០៣ ខែមិថុនា, ជួបអ៊ីរ៉ាក់ថ្ងៃទី០៧ មិថុនា និងអ៊ីរ៉ង់ ថ្ងៃទី១១ ខែមិថុនា៕