Pep ស្រក់ទឹកភ្នែកពេលនិយាយពីការចាកចេញរបស់ Aguero
Sergio Aguero នឹងចូលរួមជាមួយ Barcelona នៅរដូវកាលក្រោយ។ នេះបើតាមការឲ្យដឹងពីលោក Pep Guardiola។
Aguero វ័យ៣២ឆ្នាំនឹងចាកចេញពី Etihad Stadium ពេលកិច្ចសន្យារបស់គេអស់សុពលភាពនាដំណាច់រដូវកាលនេះ ក្រោយរកបាន២៦០គ្រាប់ក្នុងការប្រកួត៣៨៩លើក។
លោក Pep បង្ហើបទាំងក្ដុកក្ដួលបែបនេះ “៖ប្រហែលជាខ្ញុំត្រូវបង្ហើបរឿងសម្ងាត់មួយ។ មើលទៅ គាត់ (Aguero) យល់ព្រមទៅលេងក្លិបក្នុងដួងចិត្តខ្ញុំហើយ គឺ Barcelona។ គាត់នឹងទៅលេងជាមួយកំពូលកីឡាករ Messi។ ខ្ញុំច្បាស់ណាស់ គាត់នឹងពេញចិត្ត ហើយ Barcelona នឹងកាន់តែខ្លាំងពេលគាត់ទៅទីនោះ។”
Aguero បង្ហាញខ្លួនចុងក្រោយជាមួយនឹងការរកគ្រាប់បាល់បាន២គ្រាប់ពេលឈ្នះ Everton នៅថ្ងៃចុងក្រោយនៃក្របខណ្ឌ Premier League។
អ្នកសារព័ត៌មាន BBC មួយរូបធ្លាប់បង្ហើបកាលពី១០ថ្ងៃមុនថា Aguero នឹងចូលរួមជាមួយ FC Barcelona។
តាំងពីចូលរួមជាមួយ Man City ក្នុងរដូវកាល២០១១/២០១២ Aguero រួមចំណែកឈ្នះ Premier League ៥, FA Cup មួយដង, League Cup ៦ដង, Community Shield ៣ដង និងស្បែកជើងមាស Premier League មួយដង៕