Ole Gunnar Solskjaer៖ យើងត្រូវការកីឡាករថ្មីៗមកបន្ថែមទៀត បើសិនជាចង់ប្រជែងពានជាមួយ Man City
ក្រុមមេឃខៀវ Manchester City បានក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League សារជាថ្មីម្តងទៀតនៅរដូវកាលនេះ ក្រោយពេលដែល Manchester United បរាជ័យក្រោមថ្វីជើង Leicester City ២ទល់នឹង១ កាលពីយប់មិញ។
នេះគឺជាការឈ្នះជើងឯក៣សម័យក្នុងរយៈពេល៤រដូវកាលចុងក្រោយរបស់ក្រុមមហាសេដ្ឋីអារ៉ាប់ក្រោមការដឹកនាំរបស់គ្រូបង្វឹក Pep Guardiola ដោយក្រុមរហស្សនាមមេឃខៀវ មាន៨០ពិន្ទុ នាំមុខបិសាចក្រហម ១០ពិន្ទុ នៅរដូវកាលនេះបើទោះសល់ការប្រកួត៣លើកទៀតក្តី។
យ៉ាងណាមិញក្រោយពីក្រុមរួមក្រុងក្លាយជាជើងឯក គ្រូបង្វឹក Ole Gunnar Solskjaer បានបញ្ចេញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនផងដែរថា៖ ““បើសិនជាយើងចង់ប្រជែងពានរង្វាន់ Premier League នារដូវកាលក្រោយ យើងត្រូវបន្ថែមកំលាំងថ្មីទៀតដើម្បីពង្រឹងសមាសភាពក្រុមឱ្យខ្លាំងជាងនេះ”។
គួរឱ្យដឹងថា ក្រុមបិសាចក្រហម Manchester United នៅសល់ភារកិច្ចមួយទៀតត្រូវបញ្ចប់ផងដែរនៅរដូវកាលនេះ ពោលគឺត្រូវប្រកួតគ្នាជាមួយ Villareal នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League នៅចុងខែឧសភានេះផងដែរ។