អ៊ន ចាន់ប៉ូលីន និយាយអ្វីខ្លះអំពី U-19 កម្ពុជា ស្ថិតនៅពូល A នៃពាន AFC U-19 Championship
ខ្សែបម្រើរបស់ក្លិប ភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន បានលើកឡើងពីសមត្ថភាព U-19 កម្ពុជាខ្លះៗមុនការប្រកួតមកដល់ បន្ទាប់ពីការចាប់ឆ្នោតបែងចែកពូលក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) ឃើញថាក្រុមគោព្រៃជំទង់កម្ពុជាស្ថិតក្នុងពូល A ខណៈជំនួបបើកឆាកប៉ះជាមួយឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែតុលា ហើយបន្តប៉ះម្ចាស់ផ្ទះអ៊ូបីគីស្ថាន នៅថ្ងៃទី១៧ និងប្រកួតបញ្ចប់ពូលជាមួយអ៊ីរ៉ង់នៅថ្ងៃទី២០ ។
ប្រធានក្រុមភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន បានបញ្ចេញចំណាប់អារម្មណ៍ថា៖ “បន្ទាប់ពីឃើញការចាប់ពូលកាលពីម្សិលមិញនេះ ខ្ញុំឃើញថាពូលយើងសុទ្ធតែមានក្រុមខ្លាំងៗ ប៉ុន្តែក្រុមរបស់យើងក៏ខ្លាំងដែរ បើមិនខ្លាំងគឺមិនអាចឡើងលេងដល់វគ្គនេះនោះទេ ។ ខ្ញុំមើលឃើញថាយើងមានផលវិបាកមួយប៉ុណ្ណោះគឺកាយសម្បទា បើបច្ចេកទេសនៃការលេងបាល់គឺប្រហាក់ប្រហែលគ្នានោះទេ” ។ “ខ្ញុំសង្ឃឹមថាពួកគាត់នឹងធ្វើបានល្អគ្រប់ការប្រកួត ប្រឹងប្រែងដើម្បីមុខមាត់ប្រទេសជាតិ បំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីនេះឲ្យបាន ហើយជាពិសេសនោះគឺបង្ហាញលើឆាកអន្តរជាតិថាខ្មែរយើងក៏លេងបាល់ទាត់បានល្អដូចគេដែរ” ។
សូមបញ្ជាក់ថា U-19 កម្ពុជា ស្ថិតក្នុងពូល A រួមជាមួយក្រុមម្ចាស់ផ្ទះ អ៊ូបីគីស្ថាន អ៊ីរ៉ង់ និងឥណ្ឌូនេស៊ី ការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) គ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន នាពេលខាងមុខនេះ ៕