កីឡដ្ឋាន Wembley អង់គ្លេសត្រៀមទទួលសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតវគ្គ១៦ក្រុមបន្ថែមទៀតនៅព្រឹត្តិការណ៍ EURO 2020
កីឡដ្ឋានជាតិ Wembley របស់ចក្រភពអង់គ្លេសត្រៀមនឹងទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះច្រើនប្រកួតបន្ថែមទៀត សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 ដែលចាប់ផ្តើមពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១២ខែកក្កដាខាងមុខនេះ។
ជាក់ស្តែកសម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ គ្រោងនឹងធ្វើនៅទីក្រុង Dublin, Munich និង Bilbao ប៉ុន្តែបើប្រទេសទាំង៣នេះពុំមានលទ្ធភាពអាចធ្វើម្ចាស់ផ្ទះបានដោយសារវិបត្តិជំងឺ COVID-19 នោះទេ ក្បាលម៉ាស៊ីនបាល់ទាត់អឺរ៉ុប UEFA បានកំណត់យកការប្រកួតចាញ់ធ្លាក់នេះឱ្យធ្វើនៅកីឡដ្ឋាន Wembley វិញដោយបន្ថែមលើធ្វើទទួលរៀបចំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រតែម្តង។
ទីក្រុង Dublin របស់សាធារណរដ្ឋអៀរឡង់កំពុងប្រឈមនឹងការបាត់សិទ្ធិធ្វើម្ចាស់ផ្ទះ៤ប្រកួតនៅការប្រកួតពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបនេះដោយសារពុំទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ UEFA បាន ខណៈដែលអេស្ប៉ាញគ្រោងនឹងផ្លាស់ការប្រកួតនៅទីក្រុង Bilbao ទៅកាន់ទីក្រុង Seville ដើម្បីបង្ការការពាក់ព័ន្ធនឹងជំងឺរាតត្បាត COVID-19។
ក្រុមជម្រើសជាតិអង់គ្លេស ស្ថិតនៅក្នុងពូល D ដែលមានស្កុតឡេន ក្រូអាត និងសាធារណរដ្ឋឆេក ដូចនេះមានន័យថាក្រុមរហស្សនាមតោកំណាចនឹងមានតែមខ្ពស់ជាងគេនៅក្នុងពានរង្វាន់ខាងលើនេះបើសិនជាអាចឡើងទៅដល់វគ្គ១៦ក្រុមចុងក្រោយបាន។
គួរឱ្យដឹងថា ព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 ដែលចាប់ផ្តើមពីពាក់កណ្តាលខែមិថុនា ដល់ថ្ងៃពាក់កណ្តាលខែកក្កដាខាងមុខនេះ មានផ្សាយបន្តផ្ទាល់នៅប្រទេសកម្ពុជាផងដែរតាមរយៈកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ដែលទទួលបានសិទ្ធផ្តាច់មុខស្របច្បាប់។