Edwood ត្រៀមឈប់ពី Man UTD ខណៈក្រុមធំៗ៦នៅអង់គ្លេសដកខ្លួនពី ESL
អនុប្រធានក្លិប Manchester United លោក Ed Woodward នឹងចុះចេញពីតំណែងនាដំណាច់ឆ្នាំ២០២១។
សេចក្ដីប្រកាសនេះធ្វើឡើងមុនពេល Manchester United និងក្លិប Premier League ចំនួន៥ទៀតក៏ដកខ្លួនពីការប្រកួត European Super League។
ការចូលរួមការប្រកួតថ្មីនេះទទួលបានការថ្កោលទោសយ៉ាងខ្លាំង។
លោក Ed Woodward បានចូលធ្វើការនៅ Manchester United កាលឆ្នាំ២០០៥ និងកាន់តំណែងបច្ចុប្បន្នចាប់តាំងពីឆ្នាំ២០១២មក។
គេចាំបានថា លោក Ed Woodward ដើរតួសំខាន់ក្នុងការត្រួសត្រាយផ្លូវចូលកាន់កាប់បិសាចក្រហមដល់គ្រួសារត្រកូល Glazer។ ការចាកចេញនេះត្រូវបានគ្រួសារ Glazer ដែលបានគ្រប់គ្រង Man UTD តាំងពីឆ្នាំ២០០៥មកនោះ និយាយថា មិនមែនដោយសារភាពល្អក់កករអ្វីទេ ហើយភាគីទាំង២នឹងនៅតែរក្សាទំនាក់ទំនងល្អ។
តាំងពីចូលធ្វើនាយកប្រតិបត្តិ Man UTD ក្នុងឆ្នាំ២០១៣ជំនួសលោក David Gill មក លោក Ed Woodward រងការរិះគន់ថា មិនសូវមានមហិច្ឆតាក្នុងការប្រជែងជើងឯកឡើយ ហើយសូម្បីតែនយោបាយទិញដូរកីឡាករក៏ខ្សោយទៀត។ បុរសម្នាក់នេះហើយជាអ្នកសម្រេចធំក្នុងការបណ្ដេញលោក David Moyes កាលឆ្នាំ២០១៣។ លោកក៏រួមចំណែកក្នុងការដកតំណែងលោក Louis van Gaal និង Jose Mourinho ទៀតផង។ បើនិយាយពីរជ្ជកាលលោក Ole Gunnar Solskjaer វិញ គេមើលឃើញថា លោក Ed Woodward គាំទ្រពីក្រោយរហូត ទោះលទ្ធផលម្ដងល្អ ម្ដងមិនល្អ។
ដោយឡែក ចំពោះក្លិបទាំង៥ផ្សេងទៀតដែលដកខ្លួនពី European Super League ដូច Manchester United ដែរមាន Manchester City, Chelsea, Liverpool, Arsenal និង Tottenham Hotspur។
ក្លិបទាំង៦បានបង្ហាញភាពសោកស្ដាយចំពោះបំណងរបស់ខ្លួនដែលធ្វើឲ្យអ្នកគាំទ្រ និងសមភាគីដទៃមានភាពខកចិត្ត។ Arsenal ក៏បានផ្ញើសំបុត្រចំហរមួយក្នុងន័យសូមអភ័យទោសដល់ទស្សនិកជនរបស់ខ្លួនដែរ៕