Manchester United និង PAUL POGBA កាន់តែឈានទៅដល់ការបែកបាក់នាពេលឆាប់ៗនេះ
(BC-99)
ក្រោយពីលោក Ole Gunnar Solskjaer បាននិយាយទាក់ទងទៅនឹងកីឡាករបារាំង Paul Pogba រួចមកបានធ្វើអោយអ្នកផងមើលឃើញកាន់តែច្បាស់អំពីការចែកផ្លូវគ្នាដោយចៀសពុំរួចរវាងភាគីទាំងពីរ។
កីឡាកររបស់ក្រុមបិសាចក្រហមភាគច្រើនមានការជឿជាក់ថានឹងមិនមានផ្លូវចរចារចេញទៅរួចឡើយរវាង Pogba និងក្លឹប Manchester United ដោយសារតែពួកគេបានឮកីឡាករបារាំងរូបនេះទន្ទិញជាប់មាត់រឿយៗថា Manchester City និង Liverpool កំពុងដើរទៅមុនក្លឹបបិសាចក្រហមចំនួនពីរទៅបីឆ្នាំ។ ហើយអ្វីដែលកាន់តែពុះកញ្ជ្រោលថែមទៀតនោះគឺជាពាក្យសម្តីរបស់អ្នកចាត់ការទូរទៅ Ole Gunnar Solskjaer បាននិយាយថា គេពុំគួរយកចិត្តទុកដាក់ចំពោះមនុស្សតែម្នាក់ពេកទេ ក្លឹបមិនមានបំណងឃុំនរណាម្នាក់មិនអោយទៅណានោះឡើយ សំខាន់គេគួរតែមកពិភាក្សាជាមួយក្លឹបថាគេមានបំណងចង់ចាកចេញឬក៏នៅជាបន្តតែប៉ុណ្ណោះ។
ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៨ រហូតមកដល់ពេលនេះគេតែងតែឃើញមានព័ត៌មានអំពី Pogba ដែលមានបំណងចង់ចាកចេញពី Old Trafford នៅលើកាសែតកីឡាមិនដែលលោះថ្ងៃឡើយ ហើយវាបានធ្វើអោយទំនាក់ទំនងរវាងខ្សែបម្រើតម្លៃ១០០លានរូបនេះជាមួយនិង Man Utd កាន់តែឃ្លាតឆ្ងាយពីគ្នាបន្តិចម្តងៗរហូតដល់បច្ចុប្បន្ននេះតែម្តង។
ទាក់ទងនិងរឿងនេះដែរភ្នាក់ងារដោះដូរកីឡាករនិងជាតំណាងរបស់ Pogba គឺលោក Mino Raiola បានចេញមកធ្វើការបញ្ជាក់ថា Manchester United ទៅវិញទេដែលមិនចេះប្រើកីឡាករល្អលំដាប់ពិភពលោក។ លោកនឹងមិនណែរនាំកីឡាករណាផ្សេងអោយមកចូលរួមជាមួយ Man Utd នេះឡើយព្រោះពួកគេអាចបំផ្លាញដល់អានាគត់ Maradona, Pele និង Maldini ថែមទៀត(ប្រសិនបើពួកគាត់ជាកីឡាករនាពេលបច្ចុប្បន្ន)។