Spurs បណ្តេញលោក Mourinho អាចមកពីលោក មិនគាំទ្រលីកថ្មី!
លោក Jose Mourinho ត្រូវបានក្លិបមាន់ខ្នាយមាស Tottenham បណ្តេញចេញពីតំណែងបន្ទាប់ពីបានចូលកាន់តំណែងបាន១៧ខែប៉ុណ្ណោះ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់រូបនេះ បានជំនួសលោក Mauricio Pochettino ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Spurs កាលពីខែវិច្ឆិកាឆ្នាំ ២០១៩ និងបានដឹកនាំក្លឹបឈានដល់ចំណាត់ថ្នាក់ទី៦នៅ Premier League រដូវកាលមុន។ បច្ចុប្បន្ននេះ Spurs កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ ដោយរកបាន២ពិន្ទុពីការប្រកួតលីក ៣ លើកកន្លងមករបស់ពួកគេ ហើយត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Europa League កាលពីខែមីនា។ ក្រុមមាន់ខ្នាយមាស ក៏ត្រូវមានភារកិច្ចមួយទៀតផងដែល គឺត្រូវប៉ះក្រុម Man City ក្នុងវគ្គផ្តាច់ព្រ័ត្រ Carabao Cup នៅថ្ងៃទី ២៥ ខែមេសាខាងមុខនេះ។ ជាមួយគ្នានេះ រាល់បុគ្គលិកដែលជាប់ពាក់ព័ន្ធជាមួយលោក Mourinho ដែលមានដូចជា Joao Sacramento, Nuno Santos, Carlos Lalin និង Giovanni Cerra ក៏ត្រូវបានបណ្តេញចេញដូចគ្នា។
ប្រធានក្លិប Tottenham លោក Daniel Levy បាននិយាយថា៖ លោក Jose និងបុគ្គលិករបស់លោកបាននៅជាមួយយើងក្នុងពេលវេលាដ៏លំបាកបំផុតជាមួយយើងកន្លងមក ខ្ញុំរីករាយនឹងធ្វើការជាមួយគាត់ ហើយសោកស្តាយដែលអ្វីៗមិនដំណើរការដូចដែលយើងទាំងពីរបានគិតទុក។ ជាមួយគ្នានេះ បើយោងតាមប្រភពមិនច្បាស់ការមួយបានលើឡើងថា ក្លិបបានបណ្តេញលោក Mourinho ភ្លាមៗ ដោយសារលោកមិនបានដឹកនាំកីឡាករមកហ្វឹកហាត់ ព្រោះមិនគាំទ្រដែលក្លិបចូលជាសមាជិក European Super League ក្រោយមានប្រតិកម្មយ៉ាងច្រើនពីអ្នកគាំទ្របាល់ទាត់ និង ប្រធាន Uefa រួមជាមួយនិងនាយករដ្ឋមន្រ្តីរបស់ប្រទេសអង់គ្លេស ដែលមិនគាំទ្រអោយបង្កើតលីកថ្មី European Super League៕