លោក Mourinho អបអរ Dinamo Zagreb ដល់បន្ទប់
លោក Jose Mourinho បានដើរចូលអបអរក្រុម Dinamo Zagreb ដល់បន្ទប់ផ្លាស់សម្លៀកបំពាក់តែម្ដង ក្រោយពួកគេទម្លាក់ក្រុមរបស់លោកក្នុងវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Europa League។
Tottenham បាននាំមុខក្រុមក្រូអាតខាងលើ២ទល់នឹង០ទៅហើយ តែចូលដល់ជើងទី២វគ្គ១៦ក្រុម នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ក្រុមមាន់ខ្នាយមាសបែរជាចាញ់៣ទល់នឹង០ទៅវិញ។ ក្នុងម៉ោងធម្មតា Mislav Orsic រកបាន២គ្រាប់ ឲ្យស្មើគ្នា។ ចូលដល់នាទី១០៦នៃម៉ោងបន្ថែម១៥នាទី២ដង ខ្សែប្រយុទ្ធដដែលបានផ្ដាច់ដង្ហើម Spurs ក្នុងវគ្គ១៦ក្រុមនេះតែម្ដង។
ចប់ការប្រកួតភ្លាមលោក Mourinho បានដើរសំដៅបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ Dinamo Zagreb ហើយនិយាយអបអរ។ ក្រុមកីឡាករគូប្រជែងមួយនេះក៏បាននិយាយថ្លែងអំណរគុណដល់ Mourinho វិញដែរ។
Tottenham Hotspur ក្លាយជាក្រុមទី២របស់អង់គ្លេស បន្ទាប់ពី Manchester City ដែលនាំមុខ២គ្រាប់ក្នុងជើងទីមួយ តែត្រូវធ្លាក់ដោយសារចាញ់ជើងទី២ក្នុងពានរង្វាន់កម្រិតអឺរ៉ុបនេះ ចាប់តាំងពីឆ្នាំ២០១៦/២០១៧។ កាលណោះ Man City ឈ្នះ Monaco ៥ទល់នឹង៣នៅអង់គ្លេស តែចាញ់៣ទល់នឹង១វិញនៅបារាំង៕