Tuchel ៖ វាជាការទទួលខុសត្រូវរបស់ខ្ញុំក្នុងការរៀបចំប្រព័ន្ធប្រយុទ្ធ
(BC-99)
លោក Thomas Tuchel អ្នកចាត់ការក្រុមតោខៀវនិយាយថាវាស្រេចលើរូបលោកក្នុងការសម្រេចចិត្តរើសកីឡាករមកធ្វើជាខ្សែប្រយុទ្ធ។
ក្រុមតោខៀវ Chelsea ពិតជាសាកសមឈ្នះនៅក្នុងការប្រកួតជាមួយក្រុម Tottenham ដោយលទ្ធផល ១-០ កាលពីយប់ថ្ងៃព្រហស្បតិ៍នេះក្នុងក្របខ័ណ្ឌ Premier League បើទោះជាជ័យជម្នះនេះបានតាមរយៈការស៊ុតបាល់ពិន័យដោយ Jorginho ក៏ដោយ។
ក្រោយការប្រកួតចប់គ្រូបង្វឹកថ្មីរបស់តោខៀវលោក Tuchel បានប្រាប់អ្នកយកព័ត៌មានថា៖ “បើទោះជាមិនពេញចិត្តសម្រាប់ជ័យជម្នះនេះ តែវាជារឿងល្អរបស់ពួកយើង។ យើងសាកសមនឹងឈ្នះ។ យើងធ្វើការប្រកួតដោយការវាយលុកមិនសំចៃ ដែលនេះគឺជារបៀបនៃការប្រើយុទ្ធវិធីរបស់ខ្ញុំ។ វាអាស្រ័យលើខ្ញុំក្នុងការរើសកីឡាកររូបណាឱ្យធ្វើជាអ្នកប្រយុទ្ធនៅលើទីលាន។ ពួកយើងកំពុងតែលេងនៅក្របខណ្ឌកំពូលជាមួយក្រុមខ្លាំងៗដទៃទៀត”។
គួរបញ្ជាក់ថាលោក Tuchel បានចូលមកដឹកនាំក្រុម Chelsea ជំនួសគ្រូបង្វឹកដែលត្រូវបណ្តេញចេញពីតំណែង Frank Lampard បានចំនួន៣ប្រកួតហើយដោយរកជ័យជម្នះបាន២ប្រកួតស្មើម្តងនិងថែរក្សាមិនឱ្យមានការទាត់បញ្ចូលទីពីគូប្រកួតបានទាំង៣លើក។ នៅសប្តាហ៍នេះក្រុមរបស់លោកនឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុមបាតតារាង Sheffield United នៅយប់ថ្ងៃអាទិត្យ
ជាបន្ត។