កីឡាករ Crystal Palace ម្នាក់រំឭករឿងឈឺចាប់ពេលចេញពី Arsenal
ខ្សែបម្រើ Ebrechi Eze បង្ហើបថា គេធ្លាប់ស្រក់ទឹកភ្នែកស្ទើរជោកអាវក្រោយចាកចេញពី Arsenal កាលនៅក្មេង។
កីឡាករវ័យ២២ឆ្នាំបង្ហាញសមត្ថភាពយ៉ាងល្អពេលផ្លាស់ពី QPR ទៅ Palace កាលខែសីហា ក្នុងតម្លៃ១៧លានផោនលើកិច្ចសន្យារយៈពេល៥ឆ្នាំ។
យ៉ាងណា ជោគជ័យនេះមិនបានកើតឡើងដោយងាយស្រួលឡើយ។ គេធ្លាប់គិតថា គេអាចជោគជ័យនៅ Arsenal មុនថ្ងៃកំណើត១៦ឆ្នាំរបស់គេ។
Eze ថ្លែងបែបនេះ “៖កាលនៅក្មេងពិបាកមែនទែន ពេលក្លិបបញ្ចេញចោល។ ខ្ញុំ និងម៉ាក់ខ្ញុំយំខ្លាំងណាស់ ព្រោះខកចិត្ត។ នេះជាអ្វីដែលខ្ញុំបានដឹងកាលហ្នុង។ តែសម្លឹងចាប់ពីពេលហ្នុង និងឥឡូវ ដំណើរផ្សងព្រេងរបស់ខ្ញុំបានចាប់ផ្ដើម។ ខ្ញុំមានភាពក្លាហានជាងមុន។ ការឈឺចាប់ធ្វើឲ្យខ្ញុំចេះសម្រួចខ្លួនឯង។”
Eze បានចំណាយពេលនៅ Fulham និង Reading មុនលេងនៅ Millwall ក្រោយចេញពី Arsenal។ គេបានផ្លាស់ទៅ QPR ជាទីរូបគេបង្ហាញសមត្ថភាពយ៉ាងល្អ និងក្រសោបបានឱកាសផ្លាស់ទៅ Premier League ជាមួយតម្លៃខ្លួនយ៉ាងច្រើន៕