Aubameyang និង Partey នឹងខកខានការប្រកួតដ៏សំខាន់របស់ Arsenal
(BC-99)
បញ្ហារបួសរបស់ប្រធានក្រុម Arsenal – Pierre-Emerick Aubameyang កំពុងតែធ្វើឱ្យមានមន្ទិលស្តីពីការប្រកួតក្នុងអំឡុងពេល Boxing Day របស់ក្រុមលោក Arteta ។
Aubameyang បានខកខានការប្រកួត ២ លើកចុងក្រោយដោយបញ្ហារបួសកំភួនជើងរីឯគ្រូបង្វឹក Mikel Arteta មានបំណងអោយរូបគេត្រឡប់មកវិញខណៈដែលក្រុមកាំភ្លើងធំសំឡឹងកំពុងតែមានទម្រង់លេងមិនល្អក្រោយពីឆ្លងកាត់ការប្រកួតក្នុងលីកចំនួន ៧ ដងចុងក្រោយនេះរកជ័យជម្នះមិនបាននិងកំពុងឈរនៅលេខរៀងទី ១៥ ក្នុងតារាង។
Arsenal បានសរសេរព័ត៌មានលើគេហទំព័ររបស់ខ្លួនថា “Auba កំពុងតែខិតខំសហការជាមួយក្រុមគ្រូពេទ្យររបស់ក្លិបដើម្បីឆាប់ទទួលបានសុខភាពល្អឡើងវិញ” ។
ក្រៅពី Aubameyang – Thomas Partey ដែលបានរងរបួសភ្លៅក្នុងអំឡុងពេលបរាជ័យ ២-០ ជាមួយ Tottenham កាលពីដើមខែនេះក៏នឹងខកខានការប្រកួតជាមួយ Chelsea ដែរនៅចុងសប្តាហ៍នេះ។ គេហទំព័រផ្លូវការរបស់ក្រុមកាំភ្លើងធំបានលើកឡើងបន្តថា “Thomas កំពុងពិនិត្យតាមដានការស្តារនីតិសម្បទាផ្នែករាងកាយទាំងមូល បើទោះជាគេមានការវិវឌ្ឍន៍ជាសះស្បើយយ៉ាងរហ័សក៏គេមិនអាចចូលរួមប្រកួតទាន់ពេល Boxing Day នាចុងឆ្នាំនេះបានទេ”។
៣ ប្រកួតនាអំឡុងខែ ធ្នូ និងដើមខែ មករា ដែលគេហៅថា Boxing Day របស់ Arsenal រួមមានការប៉ះប្រកួតក្នុងដីជាមួយ Chelsea និងការប្រកួតក្រៅដីពីរដងជាមួយក្រុម Brighton និង West Brom ។